(ប៊ែរឡាំង)៖ អាល្លឺម៉ង់ មានគម្រោងបិទផ្សារមួយភាគធំ ចាប់ពីថ្ងៃពុធសប្ដាហ៍ក្រោយនេះ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ខណៈខ្លួនកំពុងរឹតបន្តឹងវិធានការរឹតត្បិត នានា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសំណើព្រាងមួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលត្រូវបានរៀបចំឡើងនៅមុនកិច្ចប្រជុំ រវាងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល និងថ្នាក់ដឹកនាំប្រចាំរដ្ឋនីមួយនៅក្នុងប្រទេស។ បើតាមសំណើព្រាងនេះដដែល មានតែផ្សារសំខាន់ៗមួយចំនួន ដូចជាផ្សារទំនើប និងឱសថស្ថាន រួមទាំងធនាគារតែប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឱ្យបន្តបើកទ្វារជីវកម្មជាធម្មតា។
គួរបញ្ជាក់ថា បច្ចុប្បន្ន អាល្លឺម៉ង់ កំពុងអនុវត្តវិធានការបិទប្រទេសមួយផ្នែក សម្រាប់រយៈពេល៦សប្ដាហ៍ ដោយតម្រូវឱ្យបារ ក្លឹបរាត្រី និងភោជនីយដ្ឋាន ត្រូវបិទទា្វរ ស្របពេលសាលារៀន និងហាងទំនិញខ្លះ នៅតែបន្តបើកទ្វារដដែល។ បើតាមគេហទំព័រ worldometer អាល្លឺម៉ង់ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ មានអ្នកឆ្លង COVID-19 ១.៣លាននាក់ ក្នុងនោះស្លាប់ ២២,១៧១នាក់ និងជាសះស្បើយឡើងវិញ ៩៥៧,៥០០នាក់៕