(បាគូ)៖ អាមេនី និងអាហ្សែរបៃហ្សង់ បានចោទប្រកាន់គ្នាទៅវិញទៅមកសាជាថ្មី ថាបានរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាព ដែលបានបិទបញ្ចប់ការវាយប្រយុទ្ធគ្នា យ៉ាងបង្ហូរឈាម ជាង៦សប្ដាហ៍ នៅក្នុងតំបន់ជម្លោះ Nagorno-Karabakh។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០។
ការប៉ះទង្គិចគ្នាកាលពីយប់ថ្ងៃសុក្រកន្លងទៅ គឺជាការពានលើកដំបូងបំផុតលើកិច្ចព្រមព្រៀងសន្តិភាព ដែលអាមេនី និងអាហ្សែរបៃហ្សង់ ចុះហត្ថលេខា ក្រោមការសម្រប សម្រួលពីរុស្ស៊ី។ តាមរយៈកិច្ចព្រមព្រៀងនេះ អាហ្សែរបៃហ្សង់ បានគ្រប់គ្រងជាថ្មីឡើងវិញលើទឹកដីមួយធំក្នុងតំបន់ Nagorno-Karabakh។ ក្រុមមន្ត្រីក្នុងតំបន់ Nagorno-Karabakh គាំទ្រដោយរដ្ឋាភិបាលអាមេនី បានចោទប្រកាន់ថាទាហានអាហ្សែរបៃហ្សង់ បានបើកការវាយប្រហារមួយកាលពីយប់ថ្ងៃសុក្រ ដោយបណ្ដាលឱ្យ ទាហានជនជាតិដើមភាគតិចអាមេនី៣នាក់ រងរបួស។
លើសពីនេះទៅទៀត ក្រសួងការពារជាតិអាមេនី ក៏បានចោទប្រកាន់ផងដែរថាទាហានអាហ្សែរបៃហ្សង់ បានវាយប្រហារលើភាគខាងត្បូងនៃតំបន់ Nagorno-Karabakh កាលពីថ្ងៃសៅរ៍ម្សិលមិញ។ ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា អាហ្សែរបៃហ្សង់ ក៏បានចោទប្រកាន់ដូចគ្នានេះដែរថា អាមេនីគឺជាអ្នកចាប់ផ្ដើមជម្លោះមុន ខណៈទាហានរុស្ស៊ី ដែលឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព បានទទួលស្គាល់ថាមានការបំពានបទឈប់បាញ់ដែរក្នុងតំបន់ Gadrut តែមិនបានបន្ទោសភាគីណាមួយឡើយ៕