(ឡុងដ៍)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យមេដឹកនាំពិភពលោកទាំងអស់ ប្រកាស «ភាពអាសន្នអាកាសធាតុ» ដើម្បី ចូលរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០។
លោក Antonio Guterres ធ្វើការអំពាវនាវខាងលើ កំឡុងដឹកនាំកិច្ចប្រជុំតាមអនឡាញមួយ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ លោក Guterres បានគូសបញ្ជាក់ដូច្នេះថា៖ «តើមាននរណាម្នាក់ នៅតែបន្តបដិសេធថាយើងកំពុងប្រឈមមុខនឹងភាពអាសន្ន បានទៀតទេ? នេះហើយគឺជាមូលហេតុដែលនៅថ្ងៃនេះ ខ្ញុំអំពាវនាវឱ្យមេដឹកនាំ ពិភពលោកទាំងអស់ប្រកាសភាពអាសន្នអាកាសធាតុ នៅក្នុងប្រទេសរបស់ពួកគេ រហូតដល់ការបញ្ចេញឧស្ម័នកាបូនិច ត្រូវបានកាត់បន្ថយតាមផែនការ»។
គួរបញ្ជាក់ថា ប្រទេសជាច្រើននៅលើពិភពលោក នៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ បានសន្យាថានឹងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់។ ជាក់ស្ដែងកាលពីខែកញ្ញាកន្លងទៅ ប្រទេសចិន បានបញ្ចេញផែនការដ៏ភ្ញាក់ផ្អើលមួយ នោះគឺការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច ឱ្យនៅត្រឹមកម្រិត សូន្យ នៅឆ្នាំ២០៦០៕