(វ៉ាស៊ីនតោន)៖ ក្រុមអភិរក្សនិយមគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រំា ដែលចោទប្រកាន់ថាប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន បានលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាជាថ្មី នៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយព្រមានថានឹងប្រែក្លាយបាតុកម្មនេះទៅជាអំពើហិង្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងទីក្រុងវ៉ាស៊ីនតោន ភាពតានតឹង និងការប្រឈមុខដាក់គ្នាជាច្រើន បានផ្ទុះឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករគាំទ្រលោក ត្រាំ ឈ្មោះ Proud Boys និងក្រុម Antifa ដែលជាក្រុមអ្នកប្រឆាំងក្រុមបាតុករ។ ក្រុមទាំងពីរនេះ ក៏បានជេប្រមាថគ្នាទៅវិញទៅមកផងដែរ ក៏ប៉ុន្តែ ប៉ូលិសបានបំបែកក្រុមទាំង២ ឱ្យនៅ ឆ្ងាយពីគ្នា និងឃាត់ខ្លួនបាតុករយ៉ាងហោច៦នាក់។ បាតុកម្មតវ៉ា ក៏ត្រូវបានគេគ្រោងនឹងធ្វើឡើងផងដែរ នៅរដ្ឋ Georgia, Pennsylvania, Michigan, Wisconsin, Nevada និងរដ្ឋ Arizona ជាទីដែលក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ កំពុងតវ៉ាតាមផ្លូវច្បាប់ជំទាស់នឹងលទ្ធផលបោះឆ្នោត។ តែពាក្យ បណ្ដឹងត្រូវបានតុលាការច្រានចោលជាបន្តបន្ទាប់។
គួរបញ្ជាក់ថា បាតុកម្មតវ៉ាខាងលើ កើតឡើងពីរថ្ងៃប៉ុណ្ណោះ មុននឹងអង្គបោះឆ្នោតទាំង៥៣៨នាក់ ត្រូវជួបជុំគ្នានៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ(ពេលវេលានៅអាមេរិក) នៅតាមរដ្ឋធានីនៃរដ្ឋនីមួយៗរបស់ពួកគេ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកជាផ្លូវការ។ មកទល់នឹងពេលនេះ លោក ត្រាំ មិនបានទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន នោះទេ ដោយចោទថាការបោះឆ្នោតត្រូវបានលួចបន្លំ តែលោកធ្លាប់និយាយថាលោកនឹងប្រគល់អំណាច ដោយសន្តិវិធី បើសិនជាអង្គបោះឆ្នោត បោះឆ្នោតគាំទ្រឱ្យលោក បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មី។
បច្ចុប្បន្ន រដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិក សុទ្ធតែបានទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ដែលនេះបានផ្ដល់ប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្ស ប្រជាធិបតេយ្យរូបនេះ ទទួលបានអង្គបោះឆ្នោត ៣០៦រូប ខណៈលោក ត្រំា ទទួលបាន២៣២រូប។ ដើម្បីជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក លោក ត្រាំ ឬលោក បៃដិន ត្រូវប្រមូលសំឡេងគាំទ្រពីអង្គបោះឆ្នោត២៧០រូប។ ក៏ប៉ុន្តែ ដោយសារតែ ទទួលបានអង្គបោះឆ្នោតប្រជាធិបតេយ្យដល់ទៅ៣០៦រូប លោក បៃដិន ត្រូវបានគេរំពឹងខ្ពស់ថានឹងក្លាយជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ដែលនឹងត្រូវស្បថឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕