(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតិក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២២០,២៩៨នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺរហូតដល់ ២,៣០៩នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៦,៥៤៩,៣៦៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣០៥,០៨២នាក់ និងជាសះស្បើយឡើងសរុបចំនួន ៩,៦៤៤,៣២៥នាក់។ ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកល (COVID-19) នឹងបន្តកើនឡើងខ្លាំងបន្ថែមទៀត។
គួរបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក ចូ បៃដិន ដែលនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ធ្លាប់បានប្តេជ្ញាថា លោកនឹងជំរុញឲ្យចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជនអាមេរិកឲ្យបាន ១០០លាននាក់ នៅរយៈពេល ១០០ថ្ងៃដំបូងនៃការកាន់អំណាចរបស់លោក។ ដោយឡែក រដ្ឋបាលឱសថ និងចំណីអាហារនៃសហរដ្ឋអាមេរិក (FDA) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) នៅទីបំផុតបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech នៅក្នុងករណីបន្ទាន់ នៅទូទាំងសហរដ្ឋអាមេរិកហើយ៕