(ឌូបៃ)៖ ក្រសួងសុខាភិបាលនៃប្រទេសអារ៉ាប់រួម(UAE) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមឱសថជាតិចិន Sinopharm មានប្រសិទ្ធិភាពរហូត ៨៦%។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។
គួរបញ្ជាក់ថា រដ្ឋឈូងសមុទ្រអារ៉ាប់មួយនេះ បានចាប់ផ្តើមទទួលយកការតេស្តដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm កាលពីខែកក្កដាកន្លងទៅនេះ ។ ហើយកាលពីខែកញ្ញា វ៉ាក់សាំងរបស់ក្រុមហ៊ុននេះ ក៏ត្រូវបានអនុញ្ញាតឲ្យ ប្រើប្រាស់ជាបន្ទាន់ សម្រាប់ក្រុមដែលប្រឈមមុខខ្ពស់មួួយចំនួន នៅក្នុងប្រទេសអារ៉ាប់មួយនេះផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងសុខាភិបាលអារ៉ាប់រួម បានលើកឡើងដោយមិនបានលម្អិតច្បាស់យ៉ាងដូច្នេះថា ការវិភាគទៅលើលទ្ធផលធ្វើតេស្តកន្លងមក បានបង្ហាញថា មិនមានបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរ ត្រូវបារម្ភនោះទេ។ មិនតែប៉ុណ្ណោះថែមទាំងបានបញ្ជាក់ទៀតថា ខ្លួនបានចុះបញ្ជីវ៉ាក់សំាងមួយនេះជាផ្លូវការហើយដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថចិន Sinopharm ក៏បានពង្រីកដែនតេស្តរបស់ខ្លួន រហូតដល់ប្រទេសអេហ្ស៊ីប ហ៊្សកដានី និងបារ៉ែនផងដែរ។ វាជាវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងនាំមុខគេទាំងបីរបស់ចិន ខណៈដែលវ៉ាក់សាំងទាំងនេះ ក៏ត្រូវបានមនុស្សខ្ទង់លាននាក់ ទទួលចាក់នៅក្នុងប្រទេស ក្រោមកម្មវិធីដាក់ឲ្យប្រើប្រាស់ជាបន្ទាន់៕