(វ៉ាស៊ីនតោន)៖ ព័ត៌មានដែលបន្តចែកចាយពាលពេញបណ្តាញទំនាក់ទំនងសង្គម ដែលថា មានមនុស្សចំនួន០៦នាក់បានបាត់បង់ជីវិត ដោយសារតែទទួលការធ្វើតេស្តវ៉ាក់ COVID-19 នៅដំណាក់កាលចុងក្រោយនោះ គឺមិនត្រឹមត្រូវនោះទេ។ នេះបើតាមការឆ្លើយតបរបស់ក្រុមហ៊ុន Pfizer-BioNTech ផ្ទាល់ និងត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានគូសបញ្ជាក់ថា ការអះអាងខាងលើនេះគឺមានផ្នែកមិនពិតច្រើនជាងពិត។ ថ្បិតថា ក្នុងចំណោម០៦នាក់ដែលស្លាប់ខាងលើ គឺមានតែ ០២នាក់ប៉ុណ្ណោះ ដែលទទួលការតេស្តវ៉ាក់សាំង ខណៈ០៤នាក់ទៀត គ្មានជាប់ទាក់ទងនឹងវ៉ាក់សាំងនោះទេ។
ចំពោះបញ្ហាដែលកើតឡើងនៅក្នុងចក្រភពអង់គ្លេស ដោយបុគ្គលិកសុខាភិបាលអង់គ្លេសពីរនាក់ ត្រូវបានគេរាយការណ៍ថា បានកើតអការៈអាលែកហ្ស៊ី ក្រោយទទួលការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech នោះគឺជាករណីស្រាលមួយប៉ុណ្ណោះ ហើយស្ថានភាពពួកគេ ក៏បានប្រសើរឡើងវិញរួចហើយដែរ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេលើលោក ដែលបានអនុម័តឲ្យប្រើវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech កាលពីសប្តាហ៍មុន និងបានចាប់ផ្តើមយុទ្ធនាការចាក់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
ដោយឡែកសហរដ្ឋអាមេរិកវិញ ក៏ត្រូវបានគេជឿជាក់ផងដែរថា នឹងអនុម័តឲ្យប្រើវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech នៅមុនថ្ងៃបុណ្យណូអែល ក្រោយពីក្រុមប្រឹក្សាពិគ្រោះយោបល់ របស់អាជ្ញាធរសុខាភិបាលជាតិ FDA បានបោះឆ្នោតគាំទ្រឲ្យស្ថាប័នមួយនេះ ផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងនេះ នៅទូទាំងសហរដ្ឋអាមេរិក៕