(វ៉ាស៊ីនតោន)៖ រដ្ឋបាលចំណីអាហារនិងឪសថរបស់សហរដ្ឋអាមេរិក(FDA) នៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា ខ្លួនកំពុងធ្វើការយ៉ាងមមាញឹកដើម្បីបិទបញ្ចប់ និងផ្តល់សិទ្ធិប្រើប្រាស់ជាបន្ទាន់ ជូនវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០។
ក្រុមទីប្រឹក្សាខាងក្រៅ នៃរដ្ឋបាលចំណីអាហារនិងឪសថ (FDA) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបោះឆ្នោតគាំទ្រយ៉ាងច្រើន ដល់ការប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់ ដើម្បីត្រួសត្រាយផ្លូវឲ្យភ្នាក់ងារមួយនេះ អនុញ្ញាតឲ្យក្រុមហ៊ុន Pfizer មានសិទ្ធិចាក់វ៉ាក់សាំង ជូនប្រជាជនអាមេរិក ដែលរហូតមកទល់ពេលនេះ មានមនុស្សប្រមាណជាង ២៨៥,០០០នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយសារ COVID-19។
គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដែលត្រូវបានបង្ហាញថា មានប្រសិទ្ធភាព ៩៥% ក្នុងការបង្ការជំងឺ COVID-19 ត្រូវបានអនុម័ត និងអនុញ្ញាតឲ្យប្រើប្រាស់ នៅចក្រភពអង់គ្លេស កាលពីដើមខែនេះ ហើយប្រជាជនអង់គ្លេសក៏ចាប់ផ្តើមទទួលបានការចាក់វ៉ាក់សាំង កាលពីថ្ងៃអង្គារកន្លងទៅនេះផងដែរ៕