(សេអ៊ូល)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះបានយល់ព្រមប្រគល់មូលដ្ឋានទ័ពចំនួន ១២កន្លែងទៅឲ្យប្រទេសកូរ៉េខាងត្បូងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនសុីនហួរ នៅរសៀលថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសម័យប្រជុំគណៈកម្មាធិការចម្រុះ តាមរយៈវីដេអូ Conference ស្តីពីកិច្ចព្រមព្រៀង SOFA ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃនេះ សហរដ្ឋអាមេរិកបានយល់ព្រមប្រគល់មូលដ្ឋានទ័ពចំនួន ១២កន្លែងម ក្នុងនោះមាន ៦កន្លែង នៅកណ្តាលទីក្រុងសេអ៊ូលទៅឲ្យប្រទេសកូរ៉េខាងត្បូងវិញ។ SOFA គឺជាកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យទាហានអាមេរិក ប្រមាណ ២៨,៥០០នាក់ ឈរជើងនៅលើឧបទ្វីបកូរ៉េ។
កិច្ចព្រមព្រៀងខាងលើ ត្រូវបានធ្វើឡើងស្របតាមលក្ខខណ្ឌថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នឹងបន្តកិច្ចពិភាក្សាស្តីពីការទទួលខុសត្រូវ ចំពោះការយកចេញនូវសារធាតុពុល ដែលចេញពីមូលដ្ឋានកងទ័ពអាមេរិក ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន ដែលពេលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង (USFK) ព្រមទាំងការកែសម្រួលកិច្ចព្រមព្រៀង SOFA ដែលបានស្នើឡើងដោយភាគីកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា នេះគឺលើកទី១ ហើយដែលមូលដ្ឋានទ័ពនៅក្នុងសង្កាត់ Yongsan ឬជាអតីតទីស្នាក់ការកងទ័ពអាមេរិក ត្រូវបានដាក់ឲ្យនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលកូរ៉េខាងត្បូងវិញ។ ប្រទេសកូរ៉េខាងត្បូងមានគម្រោងអភិវឌ្ឍតំបន់នេះ ឲ្យក្លាយទៅជាឧទ្យានជាតិ។ ចំណែកឯ មូលដ្ឋានទ័ពដ៏ទៃទៀត រួមមានដូចជាទីតាំងចតឧទ្ធម្ភាគចក្រ Camp Walker នៅភាគអាគ្នេយ៍នៃទីក្រុង Daegu, តំបន់ Camp Jackson និងផ្នែកខ្លះនៃ Camp Mobile នៅទីក្រុង Uijeongbu និងទីក្រុង Dongducheon នៅក្នុងខេត្ត Gyeonggi ក៏ដូចជាមូលដ្ឋានមេបញ្ជាការកងទ័ពជើងទឹកកូរ៉េ (CNFK) នៅភាគខាងត្បូងនៃកំពង់ផែ Pohang និងផ្នែកខ្លះនៃ Pilsung Air Range នៅភាគខាងកើតនៃទីក្រុង Taebaek ផងដែរ៕