(ហុងកុង)៖ ប្រព័ន្ធផ្សព្វផ្សាយហុងកុង បានរាយការណ៍ នៅថ្ងៃសុក្រនេះថា សកម្មជនប្រជាធិបតេយ្យហុងកុង ដែលជាមហាសេដ្ឋីផ្នែកប្រព័ន្ធផ្សព្វផ្សាយហុងកុង ដ៏ល្បី ឈ្មោះមួយរូប គឺលោក ជីមមី ឡៃ (Jimmy Lai) ត្រូវបានចោទប្រកាន់ ក្រោមច្បាប់សន្តិសុខជាតិថ្មីពីបទសង្ស័យគប់គិតជាមួយកម្លាំងបរទេស និងបង្កគ្រោះថ្នាក់ ដល់សន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០។

លោក Lai ដែលជាអ្នករិះគន់ឥតសំច្ចៃមាត់មួយរូបលើរដ្ឋាភិបាលចិន បានក្លាយជាបុគ្គលមានកេរ្តិ៍ឈ្មោះខ្ពស់បំផុត ដែលត្រូវបានចោទប្រកាន់ក្រោមច្បាប់សន្តិសុខថ្មី។ ច្បាប់នេះត្រូវបានបណ្ដាប្រទេសលោកខាងលិច និងក្រុមសិទ្ធមនុស្សថ្កោលទោសយ៉ាងខ្លាំង។ ប៉ុន្តែ អាជ្ញាធរទីក្រុងហុងកុង និងទីក្រុងប៉េកាំង បាននិយាយថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការបំពេញចន្លោះប្រហោង ដើម្បីការពារសន្តិសុខជាតិ ដែលញំញីដោយការតវ៉ាអស់រយៈពេលជាច្រើនខែកន្លងមកនេះ ដែល បានធ្វើឱ្យរញ្ជួយទីក្រុងហុងកុងទាំងមូលកាលពីឆ្នាំមុន។

ព័ត៌មានអំពីការចោទប្រកាន់ខាងលើនេះ បានកើតឡើង ខណៈអាជ្ញាធរហុងកុង បានបង្កើនការបង្ក្រាបលើក្រុមប្រឆាំង ដូចជាសមាជិកសភាប្រឆាំងជាច្រើនរូប ត្រូវបាន បណ្តេញចេញ និងសកម្មជនប្រជាធិបតេយ្យហុងកុងដ៏លេចធ្លោជាជាច្រើនរូប រួមមានលោក ចូសហ័រ វ៉ុង (Joshua Wong) ត្រូវជាប់ពន្ធនាគារផងដែរ។

លោក Lai មានវ័យ៧៣ឆ្នាំ ត្រូវបានបដិសេធឱ្យនៅក្រៅឃុំកាលពីដើមខែធ្នូនេះ ពីបទចោទប្រកាន់ដាច់ដោយឡែកពីគ្នា នៃការលួចបន្លំពាក់ព័ន្ធនឹងការជួលអគារមួយ របស់ Apple Daily របស់លោក ដែលជាកាសែតដ៏ពេញនិយមបំផុត នៅទីក្រុងហុងកុង ដែលតែងតែរិះគន់រដ្ឋាភិបាលដោយឥតសំចៃមាត់។ លោក Lai ក៏ធ្លាប់ធ្វើដំណើរជាញឹកញប់ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានជួបជាមួយរដ្ឋមន្រ្តីជាច្រើនរូប រួមទាំងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក មៃក៍ ប៉ុមប៉េអូ (Mike Pompeo) ផងដែរ ដើម្បីប្រមូលផ្ដុំការគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង ដែលបានជំរុញឱ្យទីក្រុងប៉េកាំងឱ្យឈ្មោះលោកថា «ជាជនក្បត់ជាតិ»។

គួរបញ្ជាក់ថា បើយោងតាមស្ថានីយ៍ទូរទស្សន៍ TVB និង Cable TV លោក Lai ត្រូវបានចោទប្រកាន់ពីបទល្មើសចំនួន២ ខណៈស្ថានីយ៍ទូរទស្សន៍ NOW TV បាននិយាយថា ការចោទប្រកាន់របស់លោក Lai គឺផ្តើមចេញពីការស្វែងរកការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងហុងកុង៕