(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនឹងដាក់ពង្រាយកងកម្លាំងយោធា នៅក្នុងរដ្ឋធានីសេអ៊ូល ដើម្បីជួយបុគ្គលិកសុខាភិបាលជួរមុខ ក្នុងការដោះស្រាយការកើនឡើងករណីឆ្លង COVID-19 ខណៈប្រទេសអាស៊ីបូព៌ាមួយនេះ ទើបតែបានរាយការណ៍ករណីឆ្លងថ្មីៗចំនួន ៦៨៩នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៤០,៧៨៦ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១១ ធ្នូ ឆ្នាំ២០២០។
បើតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) ក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗចំនួន ៦៨៩ករណីខាងលើ ៦៧៣ករណី គឺជាករណីឆ្លងក្នុងស្រុក។ ទន្ទឹមនឹងនេះ ចំនួនអ្នកស្លាប់សរុបនៅប្រទេសកូរ៉េខាងត្បូង ក៏បានកើនឡើងដល់ ៥៧២នាក់ផងដែរ ខណៈអ្នកជំងឺសរុបចំនួន ៣១,១៥៧នាក់បានជាសះស្បើយ។
ជុំវិញបញ្ហានេះ អាជ្ញាធរកូរ៉េខាងត្បូងក៏បានប្រញាប់ប្រញាល់ សាងសង់មន្ទីរពេទ្យកុងតឺន័រឲ្យរួចរាល់ នៅក្នុងសប្តាហ៍នេះផងដែរ ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅតាមមន្ទីរពេទ្យតូច-ធំនានា ព្រោះរលកទី ៣ នៃការឆ្លងរាត្បាត COVID-19 នេះ ហាក់បីដូចជាមានសន្ទុះរឹតតែខ្លាំងឡើងៗ។
គួរបញ្ជាក់ថា ការកើនឡើងនូវចំនួនករណីឆ្លង COVID-19 ជាច្រើនករណីនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងរបស់ប្រទេសកូរ៉េខាងត្បូង ដែលបានព្យាយាមតាមដានក្នុងការធ្វើតេស្ត និងការដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) ដើម្បីចៀសវាងការបិទប្រទេសដូចរលកមុនៗ និងរក្សាករណីឆ្លងឲ្យនៅក្រោម ៥០ករណីក្នុងមួយថ្ងៃកាលពីរដូវក្តៅ៕