(វីលមីងតុន)៖ ប្រធានាធិបតីជាប់ឆ្នោតនៅអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានជ្រើសតាំងលោកស្រី ស៊ូសាន រ៉ៃស៍ (Susan Rice) អតីតទីប្រឹក្សាសន្តិសុខជាតិ ឲ្យធ្វើជាទីប្រឹក្សាជាន់ខ្ពស់ ផ្នែកគោលនយោបាយក្នុងស្រុក នៅក្នុងរដ្ឋបាលថ្មីរបស់លោក ដោយសង្កត់ធ្ងន់លើបទពិសោធន៍ ដែលលោកស្រីធ្លាប់មាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០។
ការជ្រើសតាំងលោកស្រី Rice ក្នុងវ័យ ៥៦ឆ្នាំឲ្យកាន់ដំណែងជា ប្រធានក្រុមប្រឹក្សាគោលនយោបាយក្នុងស្រុក នៅក្នុងរដ្ឋបាលរបស់លោក បានបង្កឲ្យមានភាពភ្ញាក់ផ្អើល ដោយសារតែលោកស្រីមានបទពិសោធន៍ យ៉ាងទូលំទូលាយលើកិច្ចការបរទេស។ ក្រៅពីតួនាទីជាទីប្រឹក្សាសន្តិសុខជាតិ នៅក្នុងរដ្ឋបាលរបស់អតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា លោកស្រី Rice ក៏ធ្លាប់កាន់ដំណែងជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិផងដែរ។
ប្រភពមួយបានឲ្យដឹងថា លោក បៃដិន មិនបានចាត់ទុក គោលនយោបាយការបរទេស និងគោលនយោបាយក្នុងស្រុកថា ជារឿងពីរផ្សេងគ្នានោះទេ។ បន្ថែមពីលើនេះលោក បៃដិន ជឿជាក់ថា បទពិសោធន៍របស់លោកស្រី Rice កាលនៅគ្រប់ទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធ នឹងបង្កជាភាពងាយស្រួលឲ្យលោកស្រី អនុវត្តរបៀបវារៈនៃគោលនយោបាយក្នុងស្រុករបស់លោក រួមទាំងផែនការដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិ COVID-19 បានយ៉ាងល្អប្រសើរផងដែរ។
គួរបញ្ជាក់ថា មុខដំណែងជាទីប្រឹក្សាគោលនយោបាយក្នុងស្រុក មិនតម្រូវមានការបញ្ជាក់ពីព្រឹទ្ធសភានោះឡើយ។ ទន្ទឹងគ្នានេះ លោក បៃដិន បានសម្រេចជ្រើសតាំងទីប្រឹក្សាជើងចាស់លោក អាន់ថូនី ប្លីងខិន (Antony Blinken) ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស។ ចំណែកឯ មុខតំណែងធំៗផ្សេងទៀត លោក បៃដិន បានជ្រើសតាំងអតីតអភិបាលរដ្ឋ អាយអូវ៉ា (Iowa) លោក ថម វីលសេក (Tom Vilsack) ឲ្យកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក ដេនីស ម៉ាដូណាស (Danis MaDonough) អតីតជំនួយការលេខាធិការកិច្ច នៅក្នុងអតីតរដ្ឋបាលលោក អូបាម៉ា ឲ្យធ្វើជារដ្ឋមន្ត្រីកិច្ចការយុទ្ធជនជាដើម៕