Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក បូរីស ចនសុន ប្រាប់ចក្រភពអង់គ្លេសឲ្យត្រៀមខ្លួន សម្រាប់ការចាកចេញពីអឺរ៉ុប «ដោយគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម» (Video inside)

11-12-2020 09:43

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានប្រាប់ប្រជាជាតិទាំងមូលថា «ត្រូវត្រៀមខ្លួនឱ្យហើយ» ចំពោះលទ្ធភាពខ្ពស់ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោយការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit ជាមួយសហភាពអឺរ៉ុប អាចនឹងទទួលបរាជ័យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០។

លោក បូរីស ចនសុន ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក ដ៏កម្រមួយនៅព្រហស្បតិ៍សប្ដាហ៍នេះ។ នាឱកាសនោះ លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នគឺជាពេលដែលបណ្ដាក្រុមហ៊ុន និងប្រជាជនអង់គ្លេសត្រូវត្រៀមខ្លួន សម្រាប់ការចាកចេញពីសហភាពអឺរ៉ុប ដោយមិនមានកិច្ចព្រមព្រៀង»

លោក ចនសុន សង្កត់ធ្ងន់បន្ថែមទៀតថា ទោះបីជាកិច្ចចរចារវាងភាគីទាំងពីរ កំពុងបន្តធ្វើឡើងក៏ដោយ ប៉ុន្តែលោកយល់ថា ចក្រភពអង់គ្លេសប្រហែលជានឹង «មិនអាចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម» ក្រោយលែងលះជាមួយសហភាពអឺរ៉ុបបានឡើយ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានលែងលះជាផ្លូវការ (Brexit) ជាមួយសហភាពអឺរ៉ុបកាលពីថ្ងៃទី៣១ ខែមករា ដើមឆ្នាំ២០២០ ប៉ុន្តែភាគីទាំងពីរត្រូវស្ថិតនៅក្នុងពេល ធ្វើអន្តរកាលរយៈពេល ១១ខែ ពោលគឺរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅក្រោយ Brexit។ ប្រសិនបើគ្មានកិច្ចព្រមព្រៀងទេ នោះចក្រភពអង់គ្លេសនឹងត្រូវ ចាកចេញពីទីផ្សាររួមរបស់អឺរ៉ុប ហើយពន្ធលើទំនិញ និងទិដ្ឋាការធ្វើដំណើរជាដើម ក៏នឹងត្រូវអនុវត្តផងដែររវាងភាគីទាំងពីរ៕