(ការ៉ាកាស)៖ គណបក្សដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានឈ្នះអាសនៈចំនួន ៩១ភាគរយនៃ អាសនៈសភា នៅក្នុងការបោះឆ្នោត ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ដែលត្រូវបានធ្វើពហិការដោយក្រុមបក្សប្រឆាំង និងមិនពេញចិត្តដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។
មេដឹកនាំគណបក្សប្រឆាំង និងបណ្ដាប្រទេសលោកខាងលិចភាគច្រើន បាននិយាយថា ការបោះឆ្នោតនេះត្រូវបានគាំទ្រដោយលោក ម៉ាឌូរ៉ូ ដែលត្រូវបានគេរិះគន់ យ៉ាងខ្លាំងចំពោះកំណត់ត្រាសិទ្ធិមនុស្ស និងចំពោះការធ្វើឱ្យលទ្ធិប្រជាធិបតេយ្យស្ថិតក្នុងអំណាចរបស់លោក។
បើតាមតួលេខដែលបានចុះផ្សាយនៅលើគេហទំព័រក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត នៅថ្ងៃពុធសប្ដាហ៍នេះបេក្ខជនមកពីគណបក្សសង្គមនិយម (SP) ដែលកំពុង កាន់អំណាច និងគណបក្សជាសម្ព័ន្ធមិត្តផ្សេងទៀត យកបានអាសនៈចំនួន ២៥៣ ក្នុងចំណោមអាសនៈចំនួន ២៧៧ នៅក្នុងរដ្ឋសភាថ្មីនេះ។ ចំណែកឯ គណបក្សសកម្មភាពប្រជាធិបតេយ្យ (DAP) ជាគណបក្សប្រឆាំងយូរមកហើយ និងដែលឥឡូវនេះត្រូវបានគេចោទប្រកាន់ថាមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាល បានឈ្នះអាសនៈចំនួន ១១។
មេដឹកនាំគណបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ៊្សាន ហ្គៃដូ (Juan Guaido) កំពុងអំពាវនាវឱ្យអ្នកគាំទ្រទាំងអស់ឱ្យចូលរួមក្នុងកិច្ចពិគ្រោះយោបល់ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ដែលនឹងសួរពលរដ្ឋថា តើពួកគេបដិសេធចំពោះលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ឬទេ ប្រសិនបើពួកគេចង់បានការផ្លាស់ប្តូរ រដ្ឋាភិបាល។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២០នេះ តុលាការកំពូលបានដាក់គណបក្សប្រឆាំង នៅក្នុងកណ្តាប់ដៃអ្នកនយោបាយមួយចំនួន ដែលត្រូវបានបណ្តេញចេញពីគណបក្ស ទាំងនោះពីបទជាប់ទាក់ទងនឹងលោក ម៉ាឌូរ៉ូ ហើយនេះជាហេតុផលមួយដែលក្រុមបក្សប្រឆាំងបានអំពាវនាវឱ្យធ្វើពហិការចូលរួមការបោះឆ្នោត៕