(ស៊ីដនី)៖ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសឲ្យដឹងថា ពួកគេបានបង្កើតវិធីសាស្ត្រកំណត់លំដាប់ហ្សែនរហ័ស (Genome Sequencing) ដែលអាចកាត់បន្ថយរយៈពេលក្នុងការតាមដានប្រភព នៃករណីឆ្លងវីរុសកូរ៉ូណាណាមួយមកត្រឹម ៤ម៉ោងវិញ ដែលចាំបាច់ដើម្បីទប់ស្កាត់ការផ្ទុះឡើង នៃជំងឺរាតត្បាតនាពេលអនាគត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។

លំដាប់ហ្សែនអាចជួយក្រុមអ្នកវិទ្យាសាស្ត្រ ក្នុងការតាមដានរកការផ្លាស់ប្តូរតូចៗនៃវីរុស ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងអាចឲ្យយើងស្វែងយល់ អំពីរបៀបដែលវីរុសឆ្លង និងរីករាលដាល ក៏ដូចជាការផ្តល់ព័ត៌មានសំខាន់ៗ ពីរបៀបដែលករណីឆ្លងផ្សេងៗ មានការជាប់ពាក់ព័ន្ធគ្នា។

ជុំវិញលទ្ធផលខាងលើនេះ លោក អៀរ៉ា ឌីវសុន (Ira Deveson) អ្នកវិទ្យាសាស្រ្តនៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ ហ្គាវែន (Garvan) ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យញូសោតវែលស៍ (UNSW) បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ថា នៅពេលដែលវីរុសអាថ៌កំបាំងដូចជា វីរុសកូរ៉ូណា ត្រូវបានកំណត់រាល់នាទីគឺមានតម្លៃ។ ការធ្វើតេស្តតាមហ្សែន អាចជួយឲ្យយើងតាមដានពីប្រភពដើមនៃករណីឆ្លង ដែលមានលក្ខណៈអាថ៌កំបាំង ប៉ុន្តែយើងនៅតែមិនអាចដឹង អំពីប្រភពបង្ករោគនៅឡើយ ដែលបច្ចុប្បន្ននេះគេត្រូវចំណាយពេល ច្រើនជាង ២៤ម៉ោងទើបអាចទទួលបានលទ្ធផល។

គួរបញ្ជាក់ថា វីរុសអាចផ្លាស់ប្តូរលក្ខណៈហ្សែនរបស់វា នៅពេលឆ្លងចូលខ្លួនមនុស្ស និងបន្តរីករាលដាល។ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យអូស្ត្រាលី UNSW លោក រ៉ូវេណា បាល (Rowena Bull) បានកត់សម្គាល់ថា តាមរយៈការកំណត់អំពីលក្ខណៈនៃហ្សែនវីរុសមួយ យើងអាចឈានទៅរកឃើញថា តើករណីឆ្លងនោះមានជាប់ពាក់ព័ន្ធគ្នាដោយរបៀបណា៕