(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក បានឈានដល់កម្រិតអាក្រក់បំផុត ថ្មីមួយទៀតហើយ ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២២៥,៤៤១នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺរហូតដល់ ៣,២៤៣នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ជាង ១៥,៨២០,០៤២ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៩៦,៦៩៨នាក់ និងជាសះស្បើយឡើងវិញចំនួនជាង ៩,២២៦,៤១១នាក់។ ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកលនេះ នឹងកើនឡើងខ្លាំងបន្ថែមទៀត។

ចំពោះមុខការស្បថចូលកាន់តំណែង ជាប្រធានាធិបតីថ្មីរបស់អាមេរិក ដែលនៅសល់តែជាង ១ខែទៀតប៉ុណ្ណោះ លោក ចូ បៃដិន បានលើកឡើងថា «នៅក្នុងអំឡុងពេល ១០០ថ្ងៃ យើងអាចផ្លាស់ប្តូរទិសដៅនៃជំងឺរាតត្បាតនេះ និងធ្វើឲ្យជីវិតរស់នៅក្នុងសហរដ្ឋអាមេរិក ប្រសើរឡើងវិញ។ មិនថាអ្នកមានទស្សនៈនយោបាយបែបណាទេ ការប្រើប្រាស់ម៉ាសជាប្រចាំ នឹងត្រូវធ្វើឡើងសម្រាប់រយៈពេល ១០០ថ្ងៃ»។ ដោយឡែកអាជ្ញាធរសុខាភិបាលអាមេរិក ត្រូវបានគេជឿជាក់ថា នឹងអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 សម្រាប់ករណីបន្ទាន់ នៅក្នុងពេលឆាប់ៗ (អំឡុងថ្ងៃទី១០-១៧ ខែធ្នូនេះ)៕