(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ រួមទាំងរដ្ឋចំនួន ១៧ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅអាមេរិក) បានសម្តែងការគាំទ្រ ចំពោះពាក្យបណ្តឹងរបស់រដ្ឋតិចសាស់ ដោយស្នើសុំឲ្យតុលាការកំពូលអាមេរិក លុបចោលលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋចំនួន ០៤។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។
លោក ត្រាំ បានស្នើឲ្យចៅក្រមទាំង ៩រូបនៃតុលាការកំពូលអាមេរិក ធ្វើអន្តរាគមន៍ដើម្បីឲ្យលោកក្លាយជាដើមបណ្តឹង នៅក្នុងពាក្យបណ្តឹងរបស់រដ្ឋតិចសាល់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋ ចរជា (Georgia), មីឈីហ្គែន (Michigan), ភែនស៊ីលវេនៀ (Pennsylvania) និង វីសខុនសិន (Wisconsin)។ ប្រសិនបើតុលាការកំពូលអាមេរិក អនុញ្ញាតឲ្យលោក ដូណាល់ ត្រាំ ចូលរួមនៅក្នុងបណ្តឹងនេះ វានឹងបង្កើតពេលវេលាដ៏អស្ចារ្យមួយ ដែលប្រធានាធិបតីអាមេរិកកំពុងកាន់អំណាច អាចស្នើសុំឲ្យតុលាការកំពូល ដើម្បីចូលរួមសម្រេចថា សន្លឹកឆ្នោតរាប់លាននៅក្នុងរដ្ឋទាំងបួន មិនត្រូវយកជាការ។
នៅក្នុងសេចក្តីសង្ខេបមួយផ្សេងទៀត ក្រុមមេធាវីតំណាងឲ្យរដ្ឋចំនួន ១៧ ដឹកនាំដោយរដ្ឋអាជ្ញាប្រចាំរដ្ឋ មីសួរី (Missouri) មកពីគណបក្សសាធារណរដ្ឋលោក អេរីក ស្កាមីត (Eric Schmitt) ក៏បានជំរុញឲ្យក្រុមប្រឹក្សាជំនុំជម្រះ បើកសវនាការជុំវិញរឿងក្តីនេះផងដែរ។ យ៉ាងណាមិញ ក្រុមអ្នកជំនាញផ្នែកច្បាប់បោះឆ្នោតបានកត់សម្គាល់ថា ពាក្យបណ្តឹងរបស់រដ្ឋតិចសាស់ «មានឪកាសទទួលបានជោគជ័យ តិចតួចខ្លាំងណាស់ និងខ្វះគុណសម្បត្តិផ្នែកច្បាប់ផងដែរ»។
គួរបញ្ជាក់ថា បណ្តឹងខាងលើជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដោយក្រុមយុទ្ធនាការ និងក្រុមអ្នកគាំទ្រលោក ត្រាំ ដែលកន្លងមកបានបរាជ័យ នៅក្នុងតុលាការជាច្រើនលើកមកហើយ។ ដោយឡែកក្រុមមន្ត្រីមកពីរដ្ឋ Georgia, Michigan, Pennsylvania និងរដ្ឋ Wisconsin បានហៅបណ្តឹងនេះថា ជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យ៕