(អាមេរិក)៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX របស់លោក អេឡុន ម៉ាសក៍ (Elon Musk) បានធ្វើតេស្តនាវាអវកាស Starship របស់ខ្លួនរួចហើយនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដោយគំរូនាវានោះបានហោះឡើងលើអាកាស ក្នុងរយៈពេល ៦នាទីកន្លះ ប៉ុន្តែនៅពេលចុះមកវិញ វាមិនបានចុះចតដោយសុវត្ថិភាពឡើយ គឺជ្រុលបុកដីមួយទំហឹងបណ្តាលឲ្យផ្ទុះចេញជាអណ្តាតភ្លើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ។
ការបាញ់បង្ហោះខាងលើនេះ ត្រូវបានធ្វើឡើងចេញពីមូលដ្ឋានដាច់ស្រយាលមួយស្ថិតនៅក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។ វាគឺជាការធ្វើតេស្តថ្មី ហើយគិតមកទល់ពេលនេះសម្រេចបានគោលដៅកម្ពស់ខ្ពស់បំផុតរបស់ Starship ដែលលោក Elon Musk កន្លងមកធ្លាប់បានអះអាងថា នឹងអាចដឹកជញ្ជូនមនុស្សទៅកាន់ភពអង្គារ នៅយ៉ាងហោចណាស់ ០៦ឆ្នាំទៀត។
គួរបញ្ជាក់ថា នៅក្នុងការធ្វើតេស្ត Starship នៅថ្ងៃពុធសប្តាហ៍នេះ គឺក្រុមហ៊ុន SpaceX បានគ្រោងសម្រេចឲ្យបានរយៈកម្ពស់ ១២.៥គីឡូម៉ែត្រពីផ្ទៃផែនដី ប៉ុន្តែសម្រាប់លទ្ធផលជាក់ស្តែង នៃការសម្រេចបាននោះ គឺក្រុមហ៊ុនអវកាសឯកជនមួយនេះ មិនទាន់ប្រកាសជាផ្លូវការនោះឡើយ បើទោះបីជាអ្នកតាមដានខ្លះបានអះអាងថា វាសម្រេចបានគោលដៅទៅហើយ ឬយ៉ាងហោចណាស់ក៏កៀកនឹងគោលដៅដែរ៕