(អូតតាវ៉ា)៖ កាណាដា នៅថ្ងៃពុធសប្ដាហ៍នេះ បានអនុញ្ញាតហើយលើការប្រើប្រាស់វ៉ាក់សាំង COVID-19 ដោយការចាក់វ៉ាក់សាំងដំបូង អាចនឹងត្រូវធ្វើឡើងទូទាំងប្រទេស ដោយចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។

សម្រេចចិត្តខាងលើបានធ្វើឱ្យកាណាដា ក្លាយជាប្រទេសទី ៣ បន្ទាប់ពីចក្រភពអង់គ្លេស និងបារ៉ែន ដែលបានអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech។ បើតាមលោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) វ៉ាក់សាំង ៣០,០០០ដូស នឹងត្រូវដឹកមកដល់កាណាដានៅសប្ដាហ៍ក្រោយ ហើយវ៉ាក់សាំងជាច្រើនទៀត នឹងមកដល់តាមក្រោយ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានក្លាយជាប្រទេសដំបូងគេបំផុតក្នុងពិភពលោក ដែលចាប់ផ្ដើមចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនខ្លួនជាផ្លូវការ។ ប៉ុន្តែក្នុងការចាក់វ៉ាក់សាំងថ្ងៃដំបូងនេះ មានមនុស្សពីរនាក់ធ្លាក់ខ្លួនឈឺ ប៉ុន្តែបានសះស្បើយវិញជាបណ្ដើរៗ បន្ទាប់ពីពួកគេមានបញ្ហាប្រតិកម្មអាលែកហ្ស៊ី ដែលជាហេតុជំរុញឱ្យ អាជ្ញាធរនិយ័តករអង់គ្លេសព្រមានថា អ្នកមានប្រវត្តិ ឬមានបញ្ហាប្រតិកម្មអាលែកហ្ស៊ី មិនគួរទទួលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ឡើយ ក្នុងពេលបច្ចុប្បន្ន ដោយរង់ចាំរហូតដល់បញ្ហានេះ ត្រូវបានដោះស្រាយសិន៕