(បាកដាដ)៖ ប្រភពពីក្រុមហ៊ុនប្រេងមួយ នៅថ្ងៃពុធនេះបានរាយការណ៍ឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម (IS) បានទម្លាក់គ្រាប់បែកចូលទៅក្នុងអណ្តូងប្រេងចំនួន២ ដែលស្ថិតនៅក្នុងទីក្រុង Kirkuk ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ដែលបានបង្កឱ្យអណ្ដាតភ្លើងយ៉ាងធំឆាបឆេះនៅក្នុងអណ្ដូងប្រេងនោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារពត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។
ប្រភពពីក្រុមហ៊ុនប្រេងមួយ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក បានគូសបញ្ជាក់ប្រាប់សារពត៌មានចិនស៊ីនហួរថា ឧប្បត្តិហេតុនេះ បានកើតឡើងនៅព្រឹកព្រលឹម ខណៈគ្រាប់បែកចំនួន ០២គ្រាប់ ដែលបានទម្លាក់ចូលទៅក្នុងអណ្តូងប្រេង Khubbaz នោះ បានផ្ទុះ ដែលវាបានបង្កជាអណ្តាតភ្លើងយ៉ាងធំ ឆាបឆេះនៅក្នុងអណ្តូងប្រេងទាំងពីរ។
ជុំវិញបញ្ហានេះ អ្នកពន្លត់អគ្គីភ័យ បានប្រញាប់ប្រញាល់ទៅកាន់ទីកន្លែងកើតហេតុ និងបានព្យាយាមធ្វើការពន្លត់អគ្គិភ័យបានទាន់ពេលវេលាផងដែរ ដែលមិនមានមនុស្សស្លាប់ និងរបួស ដោយសារការវាយប្រហារនេះឡើយ។
គួរបញ្ជាក់ថា អណ្ដូងប្រេង Khubbaz នោះ គឺស្ថិតនៅភាគខាងលិចនៃទីក្រុង Kirkuk ដែលមានចម្ងាយប្រមាណ ២៥០គីឡូម៉ែត្រ ពីភាគខាងជើងនៃរដ្ឋធានីបាកដាដ (Baghdad) ប្រទេសអ៊ីរ៉ាក់៕