(បារីស)៖ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ព្រមទាំងអង្គការអន្តរជាតិធំៗដទៃទៀត បានលើកឡើងនៅថ្ងៃពុធនេះថា ក្រុមបណ្តាប្រទេសអ្នកមាន បានបញ្ជាទិញវា៉ក់សាំង COVID-19 សម្រាប់ប្រជាជនរបស់ពួកគេច្រើនជ្រុល ដែលធ្វើឲ្យប្រជាជនដែលរស់នៅក្នុងប្រទេសក្រីក្រ អាចនឹងខកខានក្នុងការទទួលបានវ៉ាក់សាំងដ៏សំខាន់មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការដទៃទៀតរួមមាន Frontline AIDS, Global Justice Now និង Oxfam បានជំរុញឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនឧស្សាហកម្មផលិតឱសថ ចាត់វិធានការជាបន្ទាន់ ដើម្បីធានាថាកម្មសិទ្ធិបញ្ញានៃវ៉ាក់សាំង ត្រូវបានចែកចាយយ៉ាងទូលំទូលាយ។

Amnesty International បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «ទិន្នន័យចុងក្រោយបានបង្ហាញថា ប្រទេសអ្នកមាន ដែលមានត្រឹមតែ ១៤ភាគរយនៃចំនួនប្រជាជនពិភពលោកទាំងមូល បានបញ្ជាទិញវ៉ាក់សាំង COVID-19 រហូតដល់ ៥៣ភាគរយ នៃចំនួនវ៉ាក់សាំងដែលបានផលិតរួចរហូត មកទល់ពេលនេះ»

គួរញ្ជាក់ថា អង្គការសុខភាពពិភពលោក បានគាំទ្រគម្រោងកម្មវិធីចាក់វ៉ាក់សាំងពិភពលោក ដែលមានឈ្មោះថា COVAX ដែលស្វែងរកការធានាការចែកចាយវ៉ាក់សាំង ប្រកបដោយសមធម៌ ហើយប្រទេសចំនួន ១៨៩ បានចូលរួម។ ប៉ុន្តែប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក មិនទាន់បានចុះហត្ថលេខានៅឡើយទេ។ កម្មវិធី COVAX សង្ឃឹមថា នឹងអាចចែកចាយវ៉ាក់សាំងបានចំនួន ២ពាន់លានដូស នៅចុងឆ្នាំ ២០២១ ប៉ុន្តែចំនួននេះ តំណាងត្រឹមប្រមាណ ២០ ភាគរយ នៃចំនួនប្រជាជននៃប្រទេស ដែលជាផ្នែកនៃយន្តការនេះប៉ុណ្ណោះ៕