(ម៉ានីល)៖ លោក Daniel Auminto បានបាត់បង់ការងារ និងលំនៅឋានរបស់គាត់ ខណៈជំងឺឆ្លងរាតត្បាតសកល (COVID-19) បានជំរុញឱ្យប្រទេសហ្វីលីពីនធ្លាក់ចូលទៅក្នុងស្ថានភាពជាប់គាំងយ៉ាងធ្ងន់ធ្ងរ ដោយសារវិធានការបិទប្រទេសយ៉ាងតឹងរឹង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ។ ឥឡូវនេះ គាត់ និងក្រុមគ្រួសាររបស់គាត់ រស់នៅតាមចិញ្ចើមផ្លូវ ដោយពឹងផ្អែកលើការចែករំលែកស្បៀងអាហារ របស់សម្បុរសធម៌ដើម្បីរស់។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។
សមាគមសម្បុរសធម៌ កំពុងតស៊ូពុះពារ ដើម្បីបំពេញតម្រូវការស្បៀងអាហារដែលចេះតែកើនឡើងជាលំដាប់ ខណៈរាប់លានគ្រួសារ កំពុងជួបប្រទះនឹងភាពអត់ឃ្លាននៅទូទាំងប្រទេសហ្វីលីពីន។ វិធានការរឹតត្បិតប្រឆាំង COVID-19 បានធ្វើឱ្យសេដ្ឋកិច្ចនៅប្រទេសហ្វីលីពីនធ្លាក់ចុះ និងបានធ្វើឱ្យមនុស្សជាច្រើនបាត់បង់ការងារធ្វើ។
នាយកប្រតិបត្តិក្រុមហ៊ុន Rise Against Hunger នៅប្រទេសហ្វីលីពីនដែលសហការជាមួយដៃគូជាង ៤០នាក់ ដើម្បីបំពេញតម្រូវការស្បៀងអាហារដល់ជនក្រីក្រ បានគូសបញ្ជាក់ថា«ខ្ញុំមិនដែលឃើញភាពអត់ឃ្លាន ដែលបានកើនឡើងដល់កម្រិតនេះពីមុនមកទេ ដែលមនុស្សគ្រប់គ្នានៅទីនោះ បានប្រាប់ថា ពួកគេខ្លាចការស្លាប់ ដោយសារភាពអត់ឃ្លានជាងការស្លាប់ដោយសារជំងឺ COVID-19»។
បើយោងតាមការស្ទង់មតិរបស់ស្ថានីយ៍អាកាសធាតុសង្គម បានបង្ហាញឱ្យដឹងថា ចំនួនមនុស្សដែលកំពុងជួបប្រទះនឹងភាពអត់ឃ្លាន បានឈានដល់កម្រិតខ្ពស់ ក្នុងអំឡុងពេលមានជំងឺឆ្លងរាតត្បាតសកល COVID-19 នេះ នៅក្នុងប្រទេសហ្វីលីពីន។ ការស្ទង់មតិនៅក្នុងខែកញ្ញា បានបង្ហាញឱ្យដឹងទៀតថា គ្រួសារចំនួន ៧.៦លានគ្រួសារ មិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ ដែលយ៉ាងហោចណាស់មានម្តង ក្នុងរយៈពេល ៣ខែមុន។ ក្នុងចំណោមគ្រួសារចំនួន ៧.៦លានគ្រួសារខាងលើ មានគ្រួសារចំនួន ២.២លានគ្រួសារ កំពុងជួបប្រទះនឹង«ភាពអត់ឃ្លានធ្ងន់ធ្ងរ» ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
គួរបញ្ជាក់ថា ចំនួនខាងលើនេះបានកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ ចាប់តាំងពីខែឧសភាមកម្លេះ ពោលគឺរយៈពេល ០២ខែ បន្ទាប់ពីប្រទេសហ្វីលីពីន បានធ្លាក់ចូលទៅក្នុងស្ថានភាពជាប់គាំងយ៉ាងធ្ងន់ធ្ងរ ដែលសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់ ៩.៥ភាគរយ នៅឆ្នាំ២០២០នេះ៕