(ណាមីបៀ)៖ សាកលវិទ្យាល័យមួយនៅក្នុងប្រទេសណាមីបៀ (Namibia) បានចាប់ផ្ដើមគម្រោងបង្ហាត់ និងដាក់ពង្រាយសត្វឆ្កែហិតក្លិនរក COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅល្ងាចថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។
គម្រោងខាងលើបង្កើតឡើងដោយមហាវិទ្យាល័យបសុវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យណាមីបៀ (University of Namibia) និងទទួលបានការគំាទ្រពីក្រសួងសុខាភិបាល នៃប្រទេសអាហ្វ្រិកមួយនេះផងដែរ។
គួរបញ្ជាក់ថា បើតាមគម្រោងខាងលើនេះ ពូជសត្វឆ្កែប៊ីហ្គល (Beagles) ជាច្រើនក្បាល នឹងត្រូវបានគេបង្ហាត់ឱ្យចេះហិតរក COVID-19 នៅតាមអាកាសយានដ្ឋាន សាលារៀន, ពហុកីឡដ្ឋាន និងកន្លែងទីប្រជុំជាដើម។ សត្វឆ្កែខាងលើនឹងត្រូវបានបង្ហាត់ ឱ្យចេះកំណត់ពីកម្រិតម៉ូលេគុលនៃសំណាក ខណៈមកទល់នឹងពេលនេះ ពូជសត្វឆ្កែ Beagles ចំនួន ០៤ក្បាលហើយ ត្រូវគេបង្ហាត់ដោយជោគជ័យ៕