ទីក្រុងមួយនៅចិន ធ្វើតេស្តរកកូវីដ-១៩ លើមនុស្សជាង២៥ម៉ឺននាក់ ក្រោយរកឃើញប្តីប្រពន្ធមួយគូ មានផ្ទុកកូវីដ-១៩
09-12-2020 17:18
(ប៉េកាំង)៖ មន្ត្រីសុខាភិបាលចិន បានធ្វើតេស្តរកជំងឺ COVID-19 លើមនុស្សជាង ២៥០,០០០នាក់ បន្ទាប់ពីករណីឆ្លងថ្មីៗ មួយចំនួនត្រូវបានរាយការណ៍ នៅភាគខាងត្បូងនៃទីក្រុងឆឹងទូ ប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។
ប្តីប្រពន្ធវ័យចំណាស់មួយគូត្រូវបានរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ភ្លាមៗនោះ អាជ្ញាធរចិនបានតាមដានមនុស្ស ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេទាំងអស់ និងនាំយកគំរូអាហារមកធ្វើតេស្តផងដែរ។ មន្ត្រីសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា វីរុសកូរ៉ូណាត្រូវបានរកឃើញ នៅក្នុងអាហារក្លាសេក្នុងទូរទឹកកក និងនៅលើបន្ទះក្តារដាក់ម្ហូប នៅក្នុងផ្ទះល្វែងរបស់ពួកគេ។
គណៈកម្មការសុខភាពប្រចាំទីក្រុងខាងលើនេះ បានប្រកាសឲ្យដឹងទៀតថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ មនុស្សចំនួន ២៥៥,២០០នាក់ ត្រូវបានធ្វើតេស្តរកជំងឺ COVID-19 ក្នុងនោះអ្នកឆ្លងគ្មានរោគសញ្ញាចំនួន ០៦នាក់ត្រូវបានរកឃើញ។ នៅជុំវិញបញ្ហានេះ អាជ្ញាធរមូលដ្ឋានបានសម្រេចចិត្តបិទសាលារៀន និងសាលាមតេយ្យទាំងអស់នៅក្នុងសង្កាត់ ពីទូ (Pidu) ជាទីដែលករណីឆ្លងថ្មីៗទាំងនេះត្រូវបានរាយការណ៍ ខណៈដែលសិស្ស និងគ្រូបង្រៀនត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងរង់ចាំទទួលការធ្វើតេស្ត។
គួរបញ្ជាក់ថា មន្ត្រីសុខាភិបាលទីក្រុងធានជីន ក៏ធ្លាប់បានបញ្ជាក់កាលពីខែវិច្ឆិកា រួចមកហើយថា ករណីថ្មីៗនៅក្នុងទីក្រុង មានជាប់ពាក់ព័ន្ធទៅនឹងអាហារក្លាសេ ដែលនាំចូលពីបរទេសរួមមាន ក្បាលជ្រូកពីតំបន់អាមេរិកខាងជើងជាដើម៕