(វ៉ាស៊ីនតោន)៖ មហាសេដ្ឋីអាមេរិក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក បៀល ហ្គេតស៍ (Bill Gates) បាននិយាយថា ការចែកចាយវ៉ាក់សាំងអាចនឹងជួបផលលំបាក និងរឿងចម្លែក នៅក្នុងសហរដ្ឋអាមេរិក ដោយសារតែមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) មិនមានតួនាទីឲ្យច្បាស់លាស់ កំឡុងការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។
លោក Bill Gates ធ្វើការកត់សម្គាល់បែបនេះ នៅក្នុបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC កាលពីពេលថ្មីៗនេះ។ លោក Bill Gates បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលសហព័ន្ធ បានបោះបង់ចោលរឿងជាច្រើន កំឡុងការឆ្លងរាតត្បាត COVID-19។ រដ្ឋាភិបាលគួរតែអាចដោះស្រាយបញ្ហាឆ្លងរាតត្បាត បានយ៉ាងល្អប្រសើរ តែបែរជាមិនអាចទៅវិញ ដោយសារតែការផ្ញើសារមួយចំនួន ដែលបានបង្កការយល់ច្រឡំ និងខ្វះខាតភាពនៃមេដឹកនាំ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបច្ចុប្បន្ន ជាប្រទេសមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានអ្នកឆ្លងសរុបលើស ១៥លាននាក់ ក្នុងនោះស្លាប់ ២៩៣,៤៤៥នាក់ និងជាសះស្បើយឡើងវិញ ៩,០៨៨,១០៨នាក់។ ទោះបីជាលោក Bill Gates មិនបានបញ្ចេញឈ្មោះលោក ដូណាល់ ត្រាំ ក៏ដោយ ក៏ការលើកឡើងដូចខាងលើនេះ គឺចង់សំដៅទៅលើការគ្រប់គ្រង របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដោយប្រយោលទៅហើយ៕