(សិង្ហបុរី)៖ អ្នកដំណើរម្នាក់នៅលើកប៉ាល់មួយគ្រឿងរបស់ក្រុមហ៊ុន Royal Caribbean ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ដោយជំរុញឲ្យកប៉ាល់នេះ ត្រឡប់ក្រោយទៅកាន់ប្រទេសសិង្ហបុរីវិញ មុនកាលវិភាគ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។
ករណីនេះត្រូវបានគេរកឃើញនៅលើកប៉ាល់ Quantum of the Seas ដែលបានចាប់ផ្តើមធ្វើដំណើរឡើងវិញនៅក្នុងខែធ្នូនេះ ជាផ្នែកមួយនៃគម្រោងសាកល្បង ដែលអនុញ្ញាតឲ្យមានការធ្វើដំណើរជុំវិញ ដោយមិនមានការចូលចតតាមកំពង់ផែ នោះឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះ ក្រុមហ៊ុន Royal Caribbean បានឲ្យដឹងដូច្នេះថា៖« ភ្ញៀវម្នាក់នៅលើកប៉ាល់ Quantum of the Seas បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 បន្ទាប់ពីបានពិនិត្យជាមួយ ក្រុមគ្រូពេទ្យរបស់យើង»។
ភ្ញៀវ រួមទាំងសមាជិកនាវិកទាំងអស់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយករណីខាងលើត្រូវបានកំណត់អត្តសញ្ញាណ និងតម្រូវឲ្យធ្វើចត្តាឡីស័ក ហើយក្រោយមក ត្រូវបានធ្វើតេស្តឃើញថាអវិជ្ជមាន។ ក្រុមហ៊ុន Royal Caribbean បានបន្ថែមទៀតថា កប៉ាល់ខាងលើបានវិលត្រឡប់មកកាន់កំពង់ផែសិង្ហបុរីវិញ ស្របតាមគោលការណ៍របស់រដ្ឋាភិបាល ហើយភ្ញៀវនឹងអនុញ្ញាតឲ្យចាកចេញពីកប៉ាល់ បន្ទាប់ពីការពិនិត្យត្រូវបានបញ្ចប់។
ក្រុមហ៊ុននេះក៏កំពុងសហការជាមួយរដ្ឋាភិបាលសិង្ហបុរី ដើម្បីការពារសុខភាព និងសុវត្ថិភាពភ្ញៀវ ព្រមទាំងក្រុមនាវិកទាំងអស់ផងដែរ។ បន្ថែមពីលើនេះ ការធ្វើតេស្ត និងត្រួតពិនិត្យ ត្រូវបានអនុវត្តស្របតាមគោលការណ៍សុខភាពសាធារណៈដែលរដ្ឋាភិបាលបានដាក់ចេញ។
នៅជុំវិញបញ្ហានេះ លោកស្រី Annie Chang ប្រធានក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) បានលើកឡើងយ៉ាងដូច្នេះថា៖ «ផែនការឆ្លើយតបជាបន្ទាន់ត្រូវបាន ដាក់ចេញ យោងទៅតាមគោលការណ៍ណែនាំទាំងអស់ រួមបញ្ចូលទាំងការសម្អាតនាវាយ៉ាងហ្មត់ចត់បំផុត។ អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធត្រូវបានដាក់ ឲ្យនៅដាច់ដោយឡែកភ្លាមៗ ក៏ដូចជាការកំណត់រកមុខសញ្ញាពាក់ព័ន្ធផងដែរ។ មុខសញ្ញាទាំងអស់ត្រូវបានធ្វើតេស្ត ហើយលទ្ធផលគឺអវិជ្ជមាន។ លោកស្រី Annie បានសង្កត់ធ្ងន់ថា «សុខមាលភាព និងសុវត្ថិភាពនៅក្នុងសហគមន៍របស់យើង ក៏ដូចជាអ្នកដំណើរនិងនាវិកគឺជាអាទិភាពកំពូលរបស់យើង»៕