(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៦៨៦ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតលើកទី២ គិតចាប់តាំងពីមានការឆ្លងរាតត្បាតនៃ COVID-19 នៅក្នុងប្រទេសមក ខណៈប្រទេសនេះកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងរលកទីបីនៃការឆ្លង ជំងឺដ៏កាចសាហាវមួយនេះដែលកំពុងគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។
ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) បានឲ្យដឹងថា ចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃ បានកើនលើស ៦០០ករណីក្នុងមួយថ្ងៃ កាលពីសប្ដាហ៍មុន ដែលបានបង្ខំឲ្យប្រទេសកូរ៉េខាងត្បូងទាំងមូល បានដាក់ចេញនូវវិធានការរក្សាគម្លាតសុវត្ថិភាពយ៉ាងតឹងរឹងបំផុត។ វិធានការនេះ បានចូលជាធរមានកាលពីថ្ងៃអង្គារ ម្សិលមិញ រួមមានទាំងបម្រាមគោចរដែលមិនធ្លាប់មានពីមុនមកទៅលើភោជនីយដ្ឋាន និងអាជីវកម្មដទៃទៀតផងដែរ។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថពិភពលោកចំនួន៤ ដើម្បីទិញវ៉ាក់សាំង COVID-19 សម្រាប់ប្រជាជនចំនួន ៤៤លាននាក់របស់ខ្លួន។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៣៩,៤៣២ករណី ក្នុងនោះមានអ្នកស្លាប់ ៥៥៦នាក់ និងជាសះស្បើយ ៣០,១៧៧នាក់៕