(ឡុងដ៍)៖ ទិន្នន័យចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet នៅថ្ងៃអង្គារសប្តាហ៍នេះបានបង្ហាញថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបន្តធ្វើតេស្តបន្ថែមទៀត ដើម្បីបញ្ជាក់ថា តើវ៉ាក់សាំងនេះអាចមានប្រសិទ្ធភាពដល់ ៩០ភាគរយដែរ ឬក៏យ៉ាងណា។ នេះបើតាមការដកស្រង់ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។
នាពេលកន្លងមក វ៉ាក់សាំងមួយនេះត្រូវបានគេមើលឃើញថា ជាវ៉ាក់សាំងឈានមុខគេ ប៉ុន្តែក្រោយមកវាត្រូវបាននាំមុខវិញ ដោយវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer ដែលមានអត្រាជោគជ័យរហូតដល់ទៅ ៩៥ភាគរយឯណោះ ហើយត្រូវបានប្រើប្រាស់ជាផ្លូវការ នៅចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារ ដំបូងបង្អស់នៅលើពិភពលោក និងត្រូវបានគេចាត់ទុកថា ជាថ្ងៃ V-Day សម្រាប់ពិភពលោកទាំងមូល។
លទ្ធផលលម្អិតពីការធ្វើតេស្តរបស់ក្រុមហ៊ុន AstraZeneca ត្រូវបានរង់ចាំយ៉ាងអន្ទះសា បន្ទាប់ពីអ្នកវិទ្យាសាស្ត្រមួយចំនួន បានរិះគន់ពីកង្វះព័ត៌មាន នៅក្នុងការប្រកាសដំបូងរបស់ក្រុមហ៊ុន កាលពីខែមុន។ យ៉ាងណាមិញការសិក្សារបស់ The Lancet បានផ្តល់តម្រុយខ្លះៗ អំពីមូលហេតុនៅពីក្រោយប្រសិទ្ធភាពត្រឹមតែ ៦២ភាគរយរបស់វ៉ាក់សាំងនេះ ទៅលើក្រុមអ្នកស្ម័គ្រចិត្តចូលរួមទី ១ នៅក្នុងការធ្វើតេស្តសាកល្បង ដែលបានចាក់វ៉ាក់សាំងចំនួន ២ដូសពេញ ប៉ុន្តែប្រសិទ្ធភាពរបស់វ៉ាក់សាំង បានកើនឡើងរហូតដល់ទៅ ៩០ ភាគរយចំពោះក្រុមអ្នកស្ម័គ្រចិត្តទី ២ ដែលដំបូងបានចាក់ត្រឹមកន្លះដូស បន្ទាប់មកចាក់កម្រិតដូសពេញលេញវិញ។
ដូច្នេះហើយទើប ផ្នែកត្រួតពិនិត្យប្រសិទ្ធភាព និងសុវត្ថិភាព បានតម្រូវឲ្យមានការស្រាវជ្រាវបន្ថែមទៀត នៅពេលទទួលបានទិន្នន័យបន្ថែមពីក្រុមហ៊ុន។
គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech និងវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna បានរាយការណ៍ពីប្រសិទ្ធភាពលើស ៩០ភាគរយ នៅក្នុងការធ្វើតេស្តសាកល្បងដំណាក់កាលចុងក្រោយ។ ប៉ុន្តែសម្រាប់វ៉ាក់សាំង ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន AstraZeneca ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ជាង ជាពិសេសក្នុងការទប់ស្កាត់ជំងឺរាតត្បាត COVID-19 នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះវាមានតម្លៃថោកជាង និងងាយស្រួលក្នុងការចែកចាយ៕