(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២០៨,១២១នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺរហូតដល់ ២,៩១៣នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ជាង ១៥,៥៩១,៧០៩ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៩៣,៣៩៨នាក់ និងជាសះស្បើយឡើងវិញចំនួនជាង ៩,០៨៧,០៦៩នាក់។ ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកលនេះ នឹងកើនឡើងខ្លាំងបន្ថែមទៀត។
ចំពោះមុខការស្បថចូលកាន់តំណែង ជាប្រធានាធិបតីថ្មីរបស់អាមេរិក ដែលនៅសល់តែជាង ១ខែទៀតប៉ុណ្ណោះ លោក ចូ បៃដិន បានលើកឡើងថា «នៅក្នុងអំឡុងពេល ១០០ថ្ងៃ យើងអាចផ្លាស់ប្តូរទិសដៅនៃជំងឺរាតត្បាតនេះ និងធ្វើឲ្យជីវិតរស់នៅក្នុងសហរដ្ឋអាមេរិក ប្រសើរឡើងវិញ។ មិនថាអ្នកមានទស្សនៈនយោបាយបែបណាទេ ការប្រើប្រាស់ម៉ាសជាប្រចាំ នឹងត្រូវធ្វើឡើងសម្រាប់រយៈពេល ១០០ថ្ងៃ»៕