(កដ្ឋមណ្ឌូ)៖ ក្រោយការជជែកដេញដោលគ្នា អស់រយៈពេលរាប់ទសវត្សរ៍មកនេះ នៅទីបំផុតប្រទេសចិន និងនេប៉ាល់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានព្រមព្រៀងគ្នាហើយលើ កម្ពស់ជាក់លាក់ថ្មីមួយរបស់ភ្នំ អេវើវែសត៍ (Everest)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។
ការព្រមព្រៀងគ្នាខាងលើ ធ្វើឡើងនៅក្នុងសន្និសីទព័ត៌មានរួមគ្នា ក្នុងទីក្រុង កដ្ឋមណ្ឌូ (Kathmandu) ដោយទាំងភាគីចិន និងនេប៉ាល់ បានទទួលស្គាល់ថាភ្នំ Everest មានកម្ពស់ ៨,៨៤៨.៨៦ម៉ែត្រ។ កម្ពស់ថ្មីនេះរបស់ភ្នំ Everest គឺខ្ពស់ជាងមុនប្រមាណ ៨៦សង់ទីម៉ែត្រ ដែលគណនាដោយនេប៉ាល់កាលពីពេលមុនៗ និងខ្ពស់ជាង ៤ម៉ែត្រ ពីកម្ពស់ដែលចិនបានគណនា។
គួរបញ្ជាក់ថា ក្នុងឆ្នាំ១៨៥៦ អ្នកជំនាញភូមិសាស្ត្រនៃអាណានិគមអង់គ្លេស បានកំណត់ជាលើកដំបូងថា ភ្នំ Everest មានកម្ពស់ ៨,៨៤០ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ ហើយក្រោយមកទៀតនៅឆ្នាំ១៩៩៩ ស្ថាប័នស្រាវជ្រាវភូមិសាស្ត្រអាមេរិកមួយឈ្មោះ USNGS (US National Geographic Society) បានកំណត់ខ្ពស់ភ្នំ Everest រហូតដល់ ៨,៨៥០ម៉ែត្រ។
ទោះជាយ៉ាងណា ប្រទេសនេប៉ាល់មិនបានទទួលស្គាល់ កម្ពស់ដែលត្រូវបានវាស់វែង ដោយបរទេសខាងលើនេះឡើយ។ ហេតុដូច្នេះចាប់ពីពេលនេះតទៅ ភ្នំ Everest ដែលស្ថិតនៅចន្លោះ ប្រទេសនេប៉ាល់ និងតំបន់ទីបេរបស់ចិន មានកម្ពស់ជាផ្លូវការ ៨,៨៤៨.៨៦ម៉ែត្រ ឬជិត ៨,៨៤៩ម៉ែត្រ៕