(សេអ៊ូល)៖ កូរ៉េខាងជើងបានឆ្លើយតបខ្លាំងៗ ចំពោះការលើកឡើងរបស់ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) ដែលបានសម្តែងការសង្ស័យចំពោះ ករណីឆ្លងជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងបានហៅ ការលើកឡើងពីសំណាក់កូរ៉េខាងត្បូងនោះថា «គ្មានការពិចារណា»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។
កាលពីចុងសប្តាហ៍មុននេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានថ្លែងថា «វាគឺជារឿងដែលពិបាកជឿជាក់ខ្លាំងណាស់ថា កូរ៉េខាងជើងគ្មានករណីឆ្លង COVID-19 បើទោះបីជាប្រទេសនេះ បានព្យាយាមគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ជំងឺនេះក៏ដោយ»។ បើតាមព័ត៌មានផ្លូវការ ចេញពីកូរ៉េខាងជើងផ្ទាល់ ប្រទេសអាស៊ីបូព៌ាមួយនេះនៅតែ «គ្មានករណីឆ្លង COVID-19 សូម្បីតែម្នាក់» ប៉ុន្តែសម្រាប់ករណីសង្ស័យ និងការធ្វើចត្តាឡីស័កដ៏តឹងរ៉ឹងវិញ គឺបានកើតមានរាប់ពាន់ករណីមកហើយ។
ជាការឆ្លើយតប ឈានចូលមកដល់សប្តាហ៍ថ្មីនេះប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង (Kim Yo Jong) ដែលត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់មួយរូប នៃគណបក្សពលកររបស់កូរ៉េខាងជើង នោះបានលើកឡើងថា «វាបានបង្ហាញឲ្យឃើញនូវពាក្យសម្តី មិនសមហេតុផល ត្រូវបានធ្វើឡើងដោយលោកស្រី (រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង) ដែលខ្វះការពិចារណា និងអាចរុញច្រានឲ្យទំនាក់ទំនងកូរ៉េទាំងពីរ កាន់តែយ៉ាងយ៉ឺនបន្ថែមទៀត។ យើងនឹងមិនបំភ្លេច ពាក្យសម្តីរបស់លោកស្រីជាដាច់ខាត ហើយលោកស្រីនឹងត្រូវតបស្នង យ៉ាងសក្តិសមវិញចំពោះរឿងនេះ»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េទាំងពីរ បានប្រែក្លាយជាអាប់អួរវិញជាបណ្តើរៗ ក្រោយកិច្ចប្រជុំរវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលបរាជ័យក្នុងប្រទេសវៀតណាម កាលពីឆ្នាំ២០១៩។ ដោយឡែកចំពោះការជាប់ឆ្នោតរបស់ លោក ចូ បៃដិន នៅសហរដ្ឋអាមេរិក ក៏ត្រូវបានគេមើលឃើញផងដែរថា កំពុងធ្វើឲ្យកូរ៉េខាងជើង បង្កើនការប្រុងប្រយ័ត្នឡើងវិញ ចំពោះទំនាក់ទំនងដែលអាចនឹង ប្រែជាតានតឹងខ្លាំងដូចមុន ជាមួយនិងសហរដ្ឋអាមេរិក៕