(សៅប៉ូឡូ)៖ អភិបាលរដ្ឋសៅប៉ូឡូ (Sao Paulo) បាននិយាយនៅដើមសប្ដាហ៍នេះថា រដ្ឋសៅប៉ូឡូរបស់ប្រទេសប្រេស៊ីល ដែលជារដ្ឋមានប្រជាជនច្រើនជាងគេបំផុត (ជិត ២២លាននាក់) និងជាចំនុចកណ្ដាលនៃការឆ្លងរាតត្បាតវីរុសកូរ៉ូណា (COVID-19) នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ទ្រង់ទ្រាយធំនៅខែមករា ឆ្នាំ២០២១ខាងមុខនេះ បើទោះបីជាសង្គ្រាមនយោបាយរវាង អភិបាលរដ្ឋសៅប៉ូឡូ និងប្រធានាធិបតីប្រេស៊ីល លោក ហ៊្សែរ បូលសូណារ៉ូ (Jair Bolsonaro) អាចរារាំងផែនការទាំងនេះក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។

អភិបាលរដ្ឋសៅប៉ូឡូ លោក ហ្សូអៅ ដូរៀ (Joao Doria) បានគូសបញ្ជាក់ ប្រាប់សន្និសីទសារពត៌មានមួយថា យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ទ្រង់ទ្រាយធំ ដោយប្រើប្រាស់វ៉ាក់សាំងរបស់ ក្រុមហ៊ុនផលិតឱសថចិន Sinovac ដែលមានឈ្មោះថា CoronaVac នឹងចាប់ផ្តើមចាក់ជូនមនុស្សចាស់, ក្រុមបុគ្គលិកសុខាភិបាល, និងក្រុមអ្នកងាយរងគ្រោះដទៃទៀត ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ខាងមុខនេះតទៅ។

លោក Doria បានគូសបញ្ជាក់បន្ថែមថា «ទីតាំងសាធារណៈសម្រាប់រៀបចំ ដំណើរការចាក់វ៉ាក់សាំង COVID-19 ដំណាក់កាលដំបូងនេះ ត្រូវបានជ្រើសរើសដោយផ្អែកលើអត្រា នៃការស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងរដ្ឋ»។ តែទោះជាយ៉ាងណា ដំណើរការចាក់វ៉ាក់សាំង COVID-19 ចំនួន ០៥ដំណាក់កាលរបស់រដ្ឋដែលបានស្នើសុំ គឺអាស្រ័យលើការអនុញ្ញាតពី អាជ្ញាធរសុខាភិបាលប្រេស៊ីល ហៅកាត់ថា អានវីសា (Anvisa)។

វ៉ាក់សាំង CoronaVac ត្រូវបានជាប់នៅក្នុងសមរភូមិនយោបាយ រវាងប្រធានាធិបតីប្រេស៊ីល លោក បូលសូណារ៉ូ និងអភិបាលរដ្ឋសៅប៉ូឡូ លោក ដូរៀ ដែលជាដៃគូប្រជែងកំពូល នៅក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២២ខាងមុខនេះ។ លោក បូលសូណារ៉ូ មិនពេញចិត្តវ៉ាក់សាំងចិន CoronaVac ដែលលោក ដូរៀ ជាអ្នកជ្រើសរើសនោះឡើយ ដោយប្រធានាធិបតីរូបនេះបានជំរុញឲ្យប្រទេសប្រេស៊ីល ប្រើប្រាស់វ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford ដែលសហការជាមួយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ជំនួសវិញ។ ប៉ុន្តែអ្វីដែលជាបញ្ហាជាក់ស្តែងនោះ គឺវ៉ាក់សាំងរបស់ AstraZeneca កំពុងជួបបញ្ហាលើលទ្ធផលធ្វើតេស្ត។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសប្រេស៊ីលដែលមានប្រជាជនសរុបជាង ២១២លាននាក់ មានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៦,៦២៨,០៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ១៧៧,៣៨៨នាក់ និងជាសះស្បើយ ៥,៨០១,០៦៧នាក់៕