(វ៉ាស៊ីនតោន)៖ ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិន បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្តេជ្ញាបន្តរក្សា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ជាមួយសហរដ្ឋអាមេរិក កំឡុងសន្និសីទតាមអនឡាញ មួយដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។
ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិន លោក Craig Allen បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា ភាគីចិនបានប្តេជ្ញាចិត្តសារជាថ្មី ហើយពួកគេនឹងបំពេញតាម ការប្តេជ្ញាចិត្តនេះ។ សេចក្តីអត្ថាធិប្បាយរបស់លោក វ៉ាង ជាមួយក្រុមអ្នកជំនួញអាមេរិកត្រូវបានធ្វើឡើង ស្របពេលដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានដាក់ចេញនូវទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងក្រមហ៊ុនចិន ក្នុងគោលបំណងដើម្បីបង្កើតជំហរគោលនយោបាយដ៏លំបាកសម្រាប់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន។
ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិន តំណាងឲ្យក្រុមហ៊ុនសរុបចំនួន ២៤០ក្រុមហ៊ុន ដែលកំពុងធ្វើជំនួញនៅក្នុងប្រទេសចិនបានប្រកាសថាពួកគេពិតជារីករាយ ខ្លាំងណាស់ ជាមួយនឹងការរីកចម្រើនដែលទីក្រុងប៉េកាំង បានអនុវត្តស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានចុះហត្ថលេខាកាលពីខែមករា ទោះបីជាប្រទេស ចិន មិនបានបំពេញគោលដៅដើម្បីបង្កើនការទិញទំនិញនិងសេវាកម្មពីសហរដ្ឋអាមេរិកនាពេលកន្លងមក ក៏ដោយ។
យោងតាមទន្និន័យពីវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិបានបង្ហាញថា គិតត្រឹមខែតុលា ទីក្រុងប៉េកាំងបានទិញទំនិញ និងសេវាកម្មពីអាមេរិកដែលបាន បញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងដំណាក់កាលទី១ ក្នុងតម្លៃ ៧៥.៥ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២០ ពោលគឺប្រហែលជាពាក់កណ្តាលនៃកម្រិត ដែលភាគីទាំងពីរបានកំណត់ ដោយឈរលើអត្រាមូលដ្ឋានប្រចាំឆ្នាំដែលបានវាយតម្លៃ។
លោក Allen បានកត់សម្គាល់ថា ប្រទេសចិននៅតែមិនទាន់បានបំពេញកិច្ចសន្យាពេញលេញនៅឡើយទេ ប៉ុន្តែនេះគឺជាកិច្ចព្រមព្រៀងសម្រាប់រយៈពេល ២ឆ្នាំ។ តាមពិតទៅ កិច្ចព្រមព្រៀងនេះបានទទួលភាពជោគជ័យក្នុងគោលបំណងដើម្បីផ្លាស់ប្តូរគោលនយោបាយចិន ដែលកន្លងមកបានរារាំងការប្រកួតប្រជែងដោយឈរ លើមូលដ្ឋានស្មើភាព។ ប៉ុន្តែវានៅមិនទាន់ចប់នៅឡើយទេ ដូច្នេះហើយទើបយើងនៅមានដំណាក់កាលទី២ ទៀត។ លោក Allen បានសម្តែងក្តីសង្ឈឹមទៀតថា កិច្ចចរចាដំណាក់កាលទី២ នឹងអាចចាប់ផ្តើមភ្លាមៗ បន្ទាប់ពីលោកលោក ចូ បៃដិន ចូលកាន់ដំណែងផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
គួរបញ្ជាក់ថា លោក វ៉ាង យី មិនបាននិយាយអ្វីច្រើនទេជុំវិញកិច្ចចរចារដំណាក់កាលទី២ ដែលនឹងត្រូវដឹកនាំដោយឧបនាយករដ្ឋមន្ត្រីលោក Liu He។ លោក Allen បាននិយាយថា លោក Wang បានឆ្លើយតបចំពោះការព្រួយបារម្ភរបស់យើងបានយ៉ាងច្បាស់លាស់។ លោក វ៉ាង បានគូសបញ្ជាក់ថាទៅកាន់ក្រុមអ្នកជំនួញថា មានក្រុមហ៊ុនអាមេរិកច្រើនជាង ១០ម៉ឺនក្រុមហ៊ុនដែលកំពុងដំណើរការបានយ៉ាងរលូននៅក្នុងប្រទេសចិន។ លោក ក៏បានបន្ថែមទៀតថាក្រុមហ៊ុនទាំងនេះ ពិតជា ចង់ធានាថាក្រុមហ៊ុនអាមេរិកអាចពង្រីកចូលទីផ្សារដ៏សំខាន់បំផុត ដែលមានប្រជាជនចិន វណ្ណៈកណ្តាលប្រមាណជា៤០០ លាននាក់ ដែលនឹងអាចបង្កើតកំណើន សេដ្ឋកិច្ចសកលបានរហូតដល់ទៅ ៣០ភាគរយ សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត៕