(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានជ្រើសតាំងលោក ឡយដ៍ អូស្ទីន (Lloyd Austin) ដែលធ្លាប់ដឹកនាំកងទ័ពអាមេរិកចូលទីក្រុង បាកដាដ (Baghdad) ប្រទេសអ៉ីរ៉ាក់កាលពីឆ្នាំ២០០៣ ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាជនជាតិអាមេរិកាំង ដើមកំណើតអាហ្វ្រិកដំបូងគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។
អតីតកងទ័ពជើងចាស់នៅក្នុងសង្គ្រាមអ៉ីរ៉ាក់ និងអាហ្វហ្គានីស្ថាន និងក៏ជាឧត្តមសេនីយ៍ផ្កាយ ៤ ដែលទើបចូលនិវត្តន៍ក្នុងវ័យ ៦៧ឆ្នាំ បានទទួលការជ្រើសតាំង ក្នុងមុខដំណែងកំពូលនេះ ជំនួសបេក្ខភាពមួយរូបទៀត គឺលោកស្រី មីឈែល ហ្វ្លរណយ (Michele Flournoy) ខណៈដែលលោក បៃដិន កំពុងរងសម្ពាធឲ្យតែងតាំង ជនជាតិភាគតិចបន្ថែមទៀត សម្រាប់មុខដំណែងកំពូលៗ នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីរបស់លោក។
សារព័ត៌មាន CNN, Politico និងកាសែត New York Times បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ជុំវិញសេចក្តីសម្រេចខាងលើ បន្ទាប់ពីលោក បៃដិន បានបញ្ជាក់នៅព្រឹកថ្ងៃចន្ទសប្តាហ៍នេះថា លោកបានសម្រេចចិត្ត ហើយនឹងប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ។ លោក Austin នឹងត្រូវការការបញ្ជាក់ពីព្រឹទ្ធសភា មុនឡើងកាន់តំណែងនេះបាន។
បន្ថែមពីលើនេះ លោកក៏តម្រូវឲ្យមានការលើកលែងពិសេសពីព្រឹទ្ធសភា ដោយសារតែច្បាប់សហព័ន្ធបានកំណត់ថា មន្ត្រីយោធាត្រូវរង់ចាំរយៈពេល ០៧ឆ្នាំបន្ទាប់ពីចូលនិវត្តន៍ មុនពេលបម្រើការជាប្រធានមន្ទីរបញ្ចកោណ។ ច្បាប់នេះកំណត់ថា មានតែជនស៊ីវិលប៉ុណ្ណោះ ដែលអាចបម្រើការជារដ្ឋមន្ត្រី នៃក្រសួងការពារជាតិបាន។ ការលើកលែងនេះត្រូវបានធ្វើឡើង ចំនួនពីរដងរួចមកហើយ ក្នុងនោះសម្រាប់ការតែងតាំងឧត្តមសេនីយ៍ ជីម ម៉ាត់ទីស (Jim Mattis) កាលពីឆ្នាំ២០១៧ ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិដំបូង នៅក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។
នៅជុំវិញបញ្ហានេះ ក្រុមស្ត្រីនៅក្នុងសហគមន៍ការពារជាតិ និងសន្តិសុខជាតិបានសម្តែងការខកចិត្ត ដែលលោកស្រី Flournoy មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់តួនាទីនេះត្រូវបានមើលរំលង។ សាស្ត្រាចារ្យផ្នែកច្បាប់នៃសាកលវិទ្យាល័យ ចចថោន (Georgetown) លោកស្រី រ៉ូសា ប្រ៊ូកស៍ (Rosa Brooks) បានកត់សម្គាល់ថា លោកស្រីមានការគោរពចំពោះលោក Lloyd Austin ប៉ុន្តែការជ្រើសតាំងឧត្តមសេនីយ៍ផ្កាយ ៤ម្នាក់ទៀត ដែលទើបចូលនិវត្តន៍នាពេលថ្មីៗនេះ ឲ្យឡើងកាន់តំណែងជា រដ្ឋមន្ត្រីការពារជាតិអាមេរិកបែបនេះ គឺជាការផ្ញើសារមួយដ៏គួរឲ្យខ្លាច៕