BREAKING: ទីបំផុតចក្រភពអង់គ្លេសចាប់ផ្តើមចាក់ វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនខ្លួន ជាបណ្តើរៗហើយ! (Video inside)
08-12-2020 15:11
(ឡុងដ៍)៖ នៅទីបំផុតចក្រភពអង់គ្លេស បានក្លាយជាប្រទេសលោកខាងលិច ដំបូងគេបំផុតដែលចាប់ផ្ដើមចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនរបស់ខ្លួន ទាំងដែលវ៉ាក់សាំងនោះកំពុងស្ថិតក្នុងការធ្វើតេស្ដ ឬមិនទាន់ចេញលទ្ធផលតេស្តផ្លូវការ ស្របពេលមានក្ដីរំពឹងកាន់តែច្រើនឡើងថា ជំងឺរាតត្បាតសកលមួយនេះ នឹងត្រូវបានកម្ចាត់ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។
ពលរដ្ឋអង់គ្លេសដំបូងគេ ឈ្មោះ ម៉ាហ្គារ៉េត ឃីណាន់ (Margaret Keenan) មានអាយុ ៩០ឆ្នាំ បានទទួលការចាក់វ៉ាក់សាំង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក Pfizer សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech មួយក្នុងចំណោម ០២ដូស នៅឯសាកលវិទ្យាល័យពេទ្យ (University Hospital) ក្នុងទីក្រុងខូវិនទ្រី (Coventry) ក្នុងពេលមិនដល់មួយសប្ដាហ៍ផង បន្ទាប់ពីចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេក្នុងលោក ដែលអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ផលិតដោយក្រុមហ៊ុនខាងលើនេះ។
លោកយាយ Margaret Keenan នឹងត្រូវត្រឡប់មកទទួលការចាក់វ៉ាក់សាំងដូសទី ២ នៅរយៈពេល ៣ ឬ ៤សប្ដាហ៍ខាងមុខទៀតនេះ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំង ៤០លានដូសពីក្រុមហ៊ុន Pfizer-BioNTech ប៉ុន្តែបច្ចុប្បន្ន ប្រទេសនេះអាចមានវ៉ាក់សាំងត្រឹម ៨០០,០០០ដូសប៉ុណ្ណោះ សម្រាប់ចាក់ជូន ប្រជាជនអង់គ្លេសក្នុងដំណាក់កាលទី ១ ដែលចាប់ផ្ដើមពីថ្ងៃអង្គារនេះតទៅតែម្តង។ អង់គ្លេសក៏បានបញ្ជាទិញ វ៉ាក់សាំងបន្ថែម ៧លានដូសពីក្រុមហ៊ុនអាមេរិក Moderna ផងដែរ ហើយអាចនឹងទទួលបាន ការអនុម័តឱ្យប្រើប្រាស់បន្ទាន់ នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ៕