(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃអង្គារនេះថា ប្រទេសអាស៊ីបូព៌ាមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនផលិតឱសថចំនួន ០៤ ដើម្បីទទួលបាននូវវ៉ាក់សាំង COVID-19 សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនចំនួន ៤៤លាននាក់ នៅឆ្នាំ២០២១ខាងមុខនេះ ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំង នឹងរលកថ្មីនៃការឆ្លងរាលដាល ដែលកំពុងដាក់សម្ពាធកាន់តែខ្លាំង លើប្រព័ន្ធសុខាភិបាលរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋមន្រ្តីសុខាភិបាលកូរ៉េខាងត្បូង លោក ផាក នុងហ៊ូ (Park Neung-hoo) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានរៀបចំទិញវ៉ាក់សាំង COVID-19 ចំនួន ២០លានដូសពីក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា (AstraZeneca), ក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្សឺ (Pfizer) និង ម៉ូឌែណា (Moderna) និងចំនួន ០៤លានដូសទៀតពីក្រុមហ៊ុន Johnson & Johnson’s ដែលអាចផ្ដល់ជូនគ្រប់គ្រាន់ សម្រាប់មនុស្សរហូតដល់ ៣៤លាននាក់។
លោក Park Neung-hoo បានគូសបញ្ជាក់ប្រាប់បន្ថែមថា ចំនួនវ៉ាក់សាំង COVID-19 សម្រាប់មនុស្ស ១០លាននាក់ទៀត នឹងត្រូវបានផ្តល់ជូន តាមរយៈគម្រោងផលិតវ៉ាក់សាំងពិភពលោករបស់ អង្គការសុខភាពពិភពលោក (WHO) ដែលមានឈ្មោះថា កូវ៉ាស៊ីន (COVAX)។
ដំណើរការដឹកជញ្ជូនវ៉ាក់សាំង COVID-19 នឹងចាប់ផ្តើមមិនយូរជាងខែមីនាទេ ប៉ុន្តែអាជ្ញាធរកូរ៉េខាងត្បូង បានសង្កេតមើលថា តើវ៉ាក់សាំងទាំងនេះដំណើរការយ៉ាងដូចម្តេច នៅក្នុងប្រទេសផ្សេងៗទៀត អស់រយៈពេលជាច្រើនខែហើយ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាព។ ទន្ទឹមនឹងនេះ ដំណើរការចាក់វ៉ាក់សាំង COVID-19 ទំនងជានឹងចាប់ផ្តើម នៅពាក់កណ្តាលឆ្នាំ២០២១ ខាងមុខនេះផងដែរ។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ ៣៨,៧៥៥ករណីហើយ ក្នុងនោះមានអ្នកស្លាប់ ៥៥២នាក់ និងជាសះស្បើយ ២៩,៦៥០នាក់៕