Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកកំពុងពិនិត្យ វ៉ាក់សាំងកូវីដ-១៩ របស់អង់គ្លេស ដែលនៅមានបញ្ហា ជុំវិញលទ្ធផលធ្វើតេស្ត (Video inside)

08-12-2020 11:42

(ឈីកាហ្គោ)៖ លោកវេជ្ជបណ្ឌិត ឡេរី ខូរ៉េយ (Larry Corey) ជាសហប្រធានបណ្ដាញការពារវ៉ាក់សាំង COVID-19 របស់សហរដ្ឋអាមេរិកបានរំពឹងថា ការសិក្សាទ្រង់ទ្រាយធំមួយរបស់សហរដ្ឋអាមេរិក នឹងកំណត់ថា តើបេក្ខភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាពយ៉ាងដូចម្ដេច បន្ទាប់ពីលទ្ធផលបឋមនៃការធ្វើតេស្ដ ក្នុងដំណាក់កាលចុងក្រោយ ចេញផ្សាយដោយក្រុមហ៊ុនអង់គ្លេសមួយនេះ និងដៃគូសហការរបស់ខ្លួនគឺសាកលវិទ្យាល័យ Oxford បង្កឱ្យមានការងឿងឆ្ងល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។

បើតាមលទ្ធផលបឋមនៃការធ្វើតេស្ដ ក្នុងដំណាក់កាលចុងក្រោយ ដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ បេក្ខភាពវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាពរហូតដល់ ៩០ភាគរយនៅពេលចាក់វ៉ាក់សាំងនេះ តែក្នុងកម្រិតតិចជាង ២ដូសទៅលើមនុស្ស ក៏ប៉ុន្តែវាបែរជាកម្រិតនៃប្រសិទ្ធភាព បែរជាធ្លាក់មកនៅត្រឹម ៦២ភាគរយវិញ នៅពេលចាក់វ៉ាក់សាំងក្នុងកម្រិត ២ដូសពេញ។

ជុំវិញបញ្ហាខាងលើនេះ ប្រធានទីប្រឹក្សាកម្មវិធីវ៉ាក់សាំងនៃរដ្ឋបាលលោក ដូណាល់ ត្រាំ គឺលោក ម៉ុនសេហ្វ ស្លាវី (Moncef Slaoui) បានបង្ហើបកាលពីសប្ដាហ៍មុនថា ការធ្វើតេស្ដវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ក្នុងចក្រភពអង់គ្លេស និងនៅប្រេស៊ីល មិនទាន់គ្រប់គ្រាន់ដែលអាចធានាថា វ៉ាក់សាំងរបស់ពួកគេ នឹងទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ ពីទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិកឡើយ។

បន្ថែមពីខាងលើនេះ លោក Larry Corey បានអះអាងថា ការសិក្សាទ្រង់ទ្រាយធំមួយ ដែលនឹងត្រូវធ្វើឡើងក្នុងសហរដ្ឋអាមេរិក នឹងកំណត់ថា តើបេក្ខភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាពយ៉ាងដូចម្ដេច។

គួរបញ្ជាក់ថា ក្រុមហ៊ុន AstraZeneca កំពុងពិចារណាឡើងវិញ ក្នុងការធ្វើតេស្ដជាសកលថ្មីមួយ ដោយផ្អែកលើការចាក់របបវ៉ាក់សាំងពាក់កណ្ដាលដូស។ តែជាធម្មតា វ៉ាក់សាំងនានារបស់សហរដ្ឋអាមេរិក (Pfizer និង Moderna) គឺគេត្រូវចាក់វ៉ាក់សាំង ២ដូស។ ដោយឡែកនៅពេលត្រូវបានសាកសួរថា តើក្នុងករណី AstraZeneca សម្រេចចិត្តធ្វើតេស្ដ ចាក់វ៉ាក់សាំងពាក់កណ្ដាលដូសនេះ នៅក្នុងសហរដ្ឋអាមេរិក នឹងមានការយល់ព្រមដែរឬទេ? លោក Corey មិនបាននិយាយអ្វីលម្អិតឡើយ ដោយគ្រាន់តែបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនជួយចេញថ្លៃ នៅក្នុងដំណើរការធ្វើតេស្ដនេះទេ៕