(អូតាវ៉ា)៖ ក្រុមមន្ត្រីកាណាដានៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអូតតាវ៉ា) បានឲ្យដឹងថា ប្រទេសអាមេរិកខាងជើងមួយនេះ នឹងចាប់ផ្តើមទទួលដូសដំបូងនៃវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Pifzer នៅមុនដំណាច់ខែធ្នូនេះ ពោលគឺឆាប់ជាងការរំពឹងទុក ខណៈដែលវ៉ាក់សាំងរាប់លានដូសបន្ថែមទៀត នឹងមកដល់នៅដើមឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។
ដំណឹងដ៏រីករាយនេះទំនងជាអាចជួយ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau) ដែលមានសំឡេងភាគតិចនៅក្នុងសភា ឲ្យជៀសផុតពីការរិះគន់ពីសំណាក់ក្រុមគណបក្សប្រឆាំង ដោយធ្លាប់ចោទប្រកាន់រដ្ឋាភិបាលរបស់លោកថា បានចាត់វិធានការយឺតយ៉ាវពេក ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល COVID-19។
ប្រទេសកាណាដារំពឹងថា នឹងទទួលបានវ៉ាក់សាំង COVID-19 សរុបចំនួន ៦លានដូសពីក្រុមហ៊ុន Pfizer និង Moderna នៅត្រឹមចុងខែមីនា ឆ្នាំ២០២១ខាងមុខ។ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយលោក Trudeau បានលើកឡើងយ៉ាងដូច្នេះថា វាគឺជាឆ្នាំដ៏លំបាក ហើយយើងមិនទាន់រួចផុតពីវិបត្តិនេះនៅឡើយទេ ប៉ុន្តែឥឡូវនេះវ៉ាក់សាំងនឹងមកដល់ នៅក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា វ៉ាក់សាំងដំណាក់កាលដំបូងនឹងត្រូវបញ្ជូន ទៅកាន់ទីតាំងចំនួន ១៤កន្លែង ហើយត្រូវផ្តល់អាទិភាពទៅឲ្យបុគ្គលិកសុខាភិបាល មនុស្សចាស់ជរា និងពលរដ្ឋនៅតាមតំបន់ស្រយាល នៃសហគមន៍ជនជាតិដើមភាគតិច។ កងទ័ពកាណាដានឹងជួយជ្រោមជ្រែង ក្នុងការចែកចាយវ៉ាក់សាំង ជាអ្វីដែលលោក Trudeau ចាត់ទុកថា ជាប្រតិបត្តិការដ៏ស្មុគស្មាញបំផុត ដើម្បីចែកចាយវ៉ាក់សាំងនៅក្នុងប្រទេស ដែលមានផ្ទៃដីធំជាងគេលំដាប់ទី ២ នៅលើពិភពលោកមួយនេះ៕