(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩៨,៧៩២នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ១,៥០៨ទៀតស្លាប់នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ជាង ១៥,៣៦៩,០៤៦ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៩០,៤៤៣នាក់ និងជាសះស្បើយឡើងវិញចំនួនជាង ៨,៨៥៥,៥៩៣នាក់។ ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកលនេះ នឹងកើនឡើងខ្លាំងបន្ថែមទៀត។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទើបតែចេញបទបញ្ជាប្រតិបត្តិថ្មីមួយ នៅដើមសប្តាហ៍នេះ ដោយតម្រូវឲ្យមានការរៀបចំវ៉ាក់សាំង COVID-19 សម្រាប់ចាក់ជូនប្រជាជនអាមេរិកជាអាទិភាព មុននឹងគិតគូរលក់ចេញទៅក្រៅប្រទេស៕