Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌា៖ មនុស្សរាប់រយនាក់ធ្លាក់ខ្លួនឈឺ និងម្នាក់បានស្លាប់ ដោយសារជំងឺថ្មីមួយ ដែលគេមិនស្គាល់អត្តសញ្ញាណ

07-12-2020 19:51

(ញូវដេលី)៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងជាង ៣០០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែជំងឺមិនស្គាល់អត្តសញ្ញាណនៅរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅយប់ថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។

ជំងឺមិនស្គាល់អត្តសញ្ញាណនេះ ត្រូវបានគេរកឃើញនៅល្ងាចថ្ងៃសៅរ៍ នៅទីក្រុង Eluru ដែលជាទីក្រុងបុរាណមួយ ល្បីល្បាញខាងផលិតផលធ្វើដោយដៃ។ ចាប់តាំងពីពេលនោះមក អ្នកជំងឺបានជួបប្រទះរោគសញ្ញាចង់រកក្អួត និងថប់បារម្ភ រហូតដល់បាត់បង់ស្មារតី។

ទីភ្នាក់ងារសារព័ត៌មាន Press Trust of India បានរាយការណ៍ថា បុរសអាយុ ៤៥ ឆ្នាំម្នាក់ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានរោគសញ្ញាស្រដៀងនឹងជំងឺឆ្កួតជ្រូកនិងចង្អោរ ហើយបានស្លាប់បាត់បង់ជីវិត នៅល្ងាចថ្ងៃអាទិត្យនេះ។

ក្រុមមន្រ្តីកំពុងព្យាយាមកំណត់អត្តសញ្ញាណនៃជំងឺនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ សំណាកពីតំបន់ដែលរងផលប៉ះពាល់ មិនបានបង្ហាញសញ្ញាណាមួយទាក់ទងនឹងជំងឺ COVID-19 នោះទេ ហើយអ្នកជំងឺទាំងនោះទៀតសោត ក៏គ្មាននរណាម្នាក់ តេស្តឃើញវិជ្ជមានដែរ។

គួរបញ្ជាក់ថា រដ្ឋ Andhra Pradesh ស្ថិតក្នុងចំណោមរដ្ឋ ដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារ COVID-19 ដោយមានករណីឆ្លងជាង ៨០០,០០០ករណី។ ប្រព័ន្ធសុខាភិបាលនៅក្នុងរដ្ឋនេះ ក៏ដូចជារដ្ឋផ្សេងទៀតនៅប្រទេសឥណ្ឌា ត្រូវបានបំផ្លាញដោយសារជំងឺឆ្លងសកលមួយនេះ៕