(ញូដេលី)៖ នាយកប្រតិបត្តិវិទ្យាស្ថាន Serum Institute of India ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំបំផុតនៅលើពិភពលោក បានស្នើសុំរកការអនុញ្ញាតឲ្យមានការប្រើប្រាស់ជាបន្ទាន់ ចំពោះបេក្ខភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២0២០។
វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca អាចរក្សាទុកក្នុងកម្រិតសីតុណ្ហភាពចន្លោះពី ២-៨ អង្សាសេ ហើយអាចចែកចាយបានយ៉ាងងាយស្រួលនៅក្នុងប្រទេសឥណ្ឌា ដែលមានចំនួនអ្នកឆ្លងច្រើនលំដាប់ទី២ នៅលើពិភពលោក។ ការស្នើសុំរបស់ក្រុមហ៊ុន Serum ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងមួយទៀតគឺ Pfizer ទើបតែបានដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យមានការប្រើប្រាស់ជាបន្ទាន់ នៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Serum លោក អាដារ ភូណាវ៉ាលឡា (Adar Poonawalla) នៅថ្ងៃចន្ទនេះ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «វា (ការស្នើសុំឲ្យអនុញ្ញាតប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca) ជាបន្ទាន់ នឹងជួយសង្គ្រោះជីវិតរាប់មិនអស់» ប៉ុន្តែលោកមិនបានបញ្ជាក់លំអិតអ្វីទៀតនោះឡើយ។
នៅព្រឹកថ្ងៃចន្ទនេះ ទីភ្នាក់ងារសារព័ត៌មានឥណ្ឌា Press Trust of India (PTI) បានរាយការណ៍ថា វិទ្យាស្ថាន Serum បានដាក់ពាក្យស្នើសុំទៅកាន់នាយកដ្ឋានត្រួតពិនិត្យឪសថឥណ្ឌា។ នៅក្នុងរបាយការណ៍របស់វិទ្យាស្ថាន Serum បានបង្ហាញទិន្នន័យពីការធ្វើតេស្តសាកល្បងចំនួន០៤ នៃវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca។ ក្នុងនោះពីរលើកធ្វើឡើងនៅចក្រភពអង់គ្លេស, មួយលើកនៅប្រេស៊ីល និងមួយទៀតនៅឥណ្ឌា។ លទ្ធផលទាំងនោះបានបង្ហាញថាវ៉ាក់សាំង ដែលហៅថា Covishield របស់ AstraZeneca មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺ COVID-19។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន ទីប្រឹក្សាសុខភាពសាធារណៈនៃរដ្ឋាភិបាលឥណ្ឌា នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍បានឲ្យដឹងថា ក្រុមហ៊ុន Pfizer បានដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យមានការប្រើប្រាស់ជាបន្ទាន់ ដែលជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានធ្វើបែបនោះ នៅក្នុងប្រទេសឥណ្ឌា។ នៅជុំវិញបញ្ហានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Pfizer បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា ក្រុមហ៊ុននៅតែបន្តបេ្តជ្ញាធ្វើការជាមួយរដ្ឋាភិបាលឥណ្ឌាក្នុងការស្វែងរកឱកាសដើម្បីធ្វើឲ្យវ៉ាក់សាំង COVID-19 របស់ខ្លួន អាចប្រើបាននៅក្នុងប្រទេសឥណ្ឌានាពេលឆាប់ៗនេះ៕