(ឡុងដ៍)៖ វ៉ាក់សាំង COVID-19 រាប់លានដូស អាចនឹងត្រូវដឹកជញ្ជូនតាមយន្ដហោះទៅកាន់ចក្រភពអង់គ្លេស បើសិនជាការដឹកជញ្ជូនតាមផ្លូវគោក ឬកំពង់ផែជាប់គាំង ឬក៏ មានឧបសគ្គណាមួយ នៅពេលកិច្ចព្រមព្រៀង Brexit ក្នុងអំឡុងពេលអន្តរកាល បិទបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។
ការលើកឡើងខាងលើ ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់អង់គ្លេសម្នាក់។ មន្ត្រីរូបនេះដដែល បានឱ្យដឹងទៀតថាអង់គ្លេសមានផែនការទូលំទូលាយ ដើម្បីធានាឱ្យបានក្នុងការ ការពារវ៉ាក់សាំង ដែលជាផលិតផលមានអាទិភាពខ្ពស់បំផុត។ ការកត់សម្គាល់បែបនេះ កើតមានឡើងចំពេលការដឹកជញ្ជូនរវាងចក្រអង់គ្លេស និងសហភាពអឺរ៉ុប តាមព្រំដែន គោក ទំនងជានឹងជួបឧបសគ្គរាំងស្ទះ នៅក្នុងករណីដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប មិនអាចសម្រេចបាន មុនពេលកិច្ចព្រមព្រៀង Brexit ក្នុងអំឡុង ពេលអន្តរកាល បិទបញ្ចប់នៅត្រឹមចុងឆ្នាំ២០២០នេះទេនោះ។
គួរបញ្ជាក់ថា អង់គ្លេស កំពុងត្រៀមខ្លួនក្លាយជាប្រទេសដំបូងគេបំផុត នៅលើពិភពលោកដែលនឹងអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន អាមេរិក Pfizer សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ក្នុងសប្ដាហ៍នេះ។ ការផ្គត់ផ្គង់វ៉ាក់សាំង នឹងត្រូវដឹកចេញពីរោងចក្ររបស់ក្រុមហ៊ុន Pfizer ក្នុងប្រទេស ប៊ែលហ្សិក ទៅកាន់ចក្រភពអង់គ្លេស។
គិតជាសរុប អង់គ្លេសបានបញ្ជាទិញវ៉ាក់សាំង ៤០លានដូសពីក្រុមហ៊ុន Pfizer-BioNTech ដែលគ្រប់គ្រាន់ចាក់ជូនប្រជាជន ២០លាននាក់ ហើយវ៉ាក់សាំង ៨០០,០០០ដូស ត្រូវបានគេរំពឹងអាចរកជាវបានក្នុងសប្ដាហ៍ដំបូងនេះ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា សហភាពអឺរ៉ុប បានរិះគន់ចក្រភពអង់គ្លេសថាហាក់ដូចជាប្រញាប់ប្រញាលពេកក្នុងការ អនុម័តប្រើ ប្រាស់វ៉ាក់សាំងនេះ៕