(ហ្សាកាតា)៖ រដ្ឋមន្រ្តីការពារជាតិស្តីទីរបស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានជួបជាមួយសមភាគីរបស់លោកនៅប្រទេសឥណ្ឌូណេស៊ី ជាផ្នែកមួយ នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាស៊ី ដែលក្នុងនោះលោកនឹងជំរុញឱ្យមានគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។ នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋមន្រ្តីការពារជាតិស្ដីទីអាមេរិក លោក គ្រីស្ដូបហ្វឺ មីលល័រ (Christopher Miller) នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានជួបជាមួយរដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto)។ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានគូសបញ្ជាក់បន្ថែមថា ក្នុងកំឡុងដំណើរទស្សនកិច្ចរបស់លោក Miller នឹងជួបជាមួយសមភាគី និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ដើម្បីពិភាក្សាអំពីសារៈសំខាន់នៃទំនាក់ទំនងការពារជាតិទ្វេភាគី និងការធានាឱ្យមានគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ។ ទន្ទឹមនឹងនេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោក Miller នឹងបន្តធ្វើដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេស ហ្វីលីពីនទៀត។
គួរបញ្ជាក់ថា លោក Christopher Miller បានឡើនកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិស្ដីទីសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបណ្តេញរដ្ឋមន្រ្តីការពារជាតិ លោក ម៉ាក អេស្ពើរ (Mark Esper) ចេញពីតំណែងជាស្ថាពរ៕