(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទនេះបានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណា ដាក់ទណ្ឌកម្មលើមន្ត្រីចិនជាច្រើនរូបបន្ថែមទៀត ដែលមានជាប់ពាក់ព័ន្ធទៅនឹង បញ្ហានៅទីក្រុងហុងកុង។ នេះបើតាមការដកស្រង់ ដោយសារព័ត៌មានចិន CGTN នារសៀលថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២0២០។
របាយការណ៍ដដែលបានឲ្យដឹងថា ទណ្ឌកម្មថ្មីនេះនឹងត្រូវដាក់លើមន្ត្រីចំនួន ១៤រូប ក្រោមការចោទប្រកាន់ថា ពួកគេបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការដកសិទ្ធិតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សប្រឆាំងនៅក្នុងសភាហុងកុង។ សេចក្តីសម្រេចខាងលើត្រូវបានធ្វើឡើង តែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រសួងការបរទេសចិន បានប្រកាសដាក់ទណ្ឌកម្មលើមនុស្ស ០៤នាក់ ដែលមានទំនាក់ទំនងជាមួយស្ថាប័នរដ្ឋាភិបាលអាមេរិក ដោយចិនចោទថា ពួកគេបានធ្វើដើរតួយ៉ាងសកម្ម ជុំវិញការបំផុសបញ្ហានានានៅទីក្រុងហុងកុង។
គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហ័រ ឈុនយីង (Hua Chunying) បានប្រកាសសេចក្តីសម្រេចខាងលើ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌកម្មលើមន្ត្រីចិន ០៤រូប។ លោកស្រី Chunying បានសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំងដាច់ខាត និងថ្កោលទោស ចំពោះសកម្មភាពទីក្រុងវ៉ាស៊ីនតោន ក្នុងការជ្រៀតចូលកិច្ចការទីក្រុងហុងកុង ក៏ដូចជាកិច្ចការផ្ទៃក្នុងចិន ជាពិសេសបានជាន់ឈ្លីលើច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ។
លោកស្រី Chunying ក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា ទីក្រុងហុងកុងគឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បានពីប្រទេសចិន ហើយកិច្ចការទីក្រុងហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដូច្នេះហើយអាមេរិកគួរតែបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការទីក្រុងហុងកុងដោយគ្មានលក្ខខណ្ឌ៕