(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន នៅថ្ងៃចន្ទនេះបានចេញបទបញ្ជាថ្មីមួយ ដោយបង្គាប់ឱ្យបង្កើនការធ្វើតេស្ដរក COVID-19 តាមរយៈការចូលរួមពីយោធា និងបុគ្គលិកមកពីស្ថាប័នរដ្ឋនានា ខណៈប្រទេសអាស៊ីខាងកើតមួយនេះកំពុងតស៊ូប្រយុទ្ធនឹង ការកើនឡើងជាថ្មីនៃករណីឆ្លងជំងឺ ដ៏កាចសាហាវមួយនេះ ឬរលកទី ៣ នៃការឆ្លងរាតត្បាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ លោក មូន ចេអ៉ីន បានបញ្ជាក់ទៀតថា ទីតាំងធ្វើតេស្ដនឹងត្រូវដំណើរការក្នុងរយៈពេលច្រើនម៉ោង ដើម្បីអនុញ្ញាតឱ្យអ្នកដែលកំពុងធ្វើការ អាចទទួលបានការធ្វើតេស្ដ ទៅតាមពេលវេលាសមស្របរបស់ពួកគេ ហើយទីតាំងធ្វើតេស្ដចល័តបន្ថែម ក៏នឹងត្រូវដាក់ឱ្យដំណើរការផងដែរ នៅតំបន់ដែលកំពុងប្រឈមមុខខ្លាំង នឹងការរាតត្បាត COVID-19 ជាពិសេសរដ្ឋធានីសេអ៊ូល។

គួរបញ្ជាក់ថា បច្ចុប្បន្នកូរ៉េខាងត្បូងកំពុងព្យាយាមបញ្ជៀស ការបិទប្រទេសសាជាថ្មី តាមរយៈការបង្កើនសកម្មភាពធ្វើតេស្ដ និងពង្រឹងការអនុវត្តវិធានការចត្តាឡីស័ក ដើម្បីទប់ទល់រលកទី ៣ COVID-19 នេះ។ កូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះដែរ បានប្រកាសពីការរកឃើញ COVID-19 ចំនួន ៦៣១ករណីថ្មី ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៣៨,១៦១នាក់ ក្នុងនោះស្លាប់ ៥៤៩នាក់ និងជាសះស្បើយឡើងវិញ ២៩,៣០១នាក់៕