(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៧៣,៨៦១នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ១,០៧៦ទៀតស្លាប់នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ជាង ១៥,១៥៩,៥២៩ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៨៨,៩០៦នាក់ និងជាសះស្បើយឡើងវិញចំនួនជាង ៨,៨៥៥,៥៩៣នាក់។ ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកលនេះ នឹងកើនឡើងខ្លាំងបន្ថែមទៀត។
គួរបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោតនៅអាមេរិក កាលពីចុងសប្តាហ៍មុននេះបានប្រកាសថា ការចាក់វ៉ាក់សាំងប្រឆាំង COVID-19 គឺមិនមានការបង្ខិតបង្ខំនោះឡើយ។ ការលើកឡើងនេះត្រូវបានធ្វើឡើង ក្រោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) ជាលើកទីមួយបានជំរុញឲ្យមាន ការពាក់ម៉ាសជាសាធារណៈ លើកលែងតែពេលនៅក្នុងផ្ទះខ្លួនឯង។ CDC បានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានចូលនៅក្នុងដំណាក់កាល នៃការឆ្លងជំងឺ COVID-19 កម្រិតខ្ពស់បំផុត៕