(តូក្យូ)៖ ប្រភពសម្ងាត់មួយបានបញ្ជាក់ថា ជប៉ុននឹងបំពាក់ប្រព័ន្ធរ៉ាដាអេជីស (Aegis) ដ៏មានឥទ្ធិពលបំផុត នៅលើនាវាចម្បាំងទាំងឡាយរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពទប់ទល់ មីស៊ីលពាំក្បាលគ្រាប់នុយក្លេអ៊ែរ (ballistic missiles) របស់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។
គម្រោងបំពាក់ខាងលើនេះ ត្រូវដាក់ជាសំណើទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) ហើយលោកក៏គ្រោងនឹងអនុម័តផែនការនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជប៉ុន នៅចុងឆ្នាំ២០២០ នេះផងដែរ។ បើតាមប្រភពមិនបញ្ជាក់អត្តសញ្ញាណ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ឲ្យដឹងថា ជប៉ុននឹងមិនទាន់ប្រកាសអំពីប្រភេទនាវាចម្បាំង និងតម្លៃដែលត្រូវដាក់ដំឡើងប្រព័ន្ធរ៉ាដា Aegis របស់សហរដ្ឋអាមេរិកទាំងនេះឡើយ។
គួរបញ្ជាក់តាមក្រុមអ្នកជំនាញថា ប្រសិនបើការដំឡើងប្រព័ន្ធរ៉ាដា Aegis ត្រូវបានចាប់ផ្តើមនោះ វានឹងត្រូវចំណាយពេលយ៉ាងហោចណាស់ ០៣ឆ្នាំនៅក្នុងបំពាក់ឲ្យ នាវាចម្បាំងមួយចំនួនរបស់ជប៉ុន ហើយសម្រាប់តម្លៃវិញនោះគឺអាចខ្ទង់ ២ពាន់លានដុល្លារអាមេរិក។ បើបំពាក់ជាមួយរ៉ាដា SPY-7 របស់ក្រុមហ៊ុន Lockheed Martin វានឹងធ្វើឲ្យប្រព័ន្ធរ៉ាដា Aegis នេះអាចមានវិសាលភាព ក្នុងការចាប់សញ្ញាមីស៊ីលបាន ៣ដងលើសមុន។
បន្ថែមពីខាងលើនេះទៀត ការបំពាក់រ៉ាដា Aegis នៅលើនាវាពិឃាតរបស់ជប៉ុន អាចនឹងជួយឲ្យប្រទេសដីកោះមួយនេះ មានសមត្ថភាពទប់ទល់មីស៊ីលផ្លោងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលបាញ់ចេញពីទឹកដីកូរ៉េខាងជើង រុស្ស៊ី ឬសូម្បីតែចិន៕