(ម៉ូស្គូ)៖ មជ្ឈមណ្ឌលឆ្លើយតបជំងឺឆ្លងរាតត្បាតសកល COVID-19 នៃប្រទេសរុស្សី នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ២៨,៧៨២បន្ថែមទៀត ដែលធ្វើឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ២,៤៣១,៧៣១ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន ANI នៅថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។

បើតាមមជ្ឈមណ្ឌលឆ្លើយតបជំងឺ COVID-19 នៃប្រទេសរុស្សី ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ៧,៩៩៣ករណីត្រូវបានរាយការណ៍ចេញពីទីក្រុងម៉ូស្គូ (Moscow) ខណៈ ៣,៧២៦ករណីទៀត បានរាយការណ៍ចេញពីទីក្រុងសាន់ ភីធើស្បឺក (St.Petersburg) និង១,២៤៦ករណីផ្សេងទៀត បានរាយការណ៍ចេញពីតំបន់ជុំវិញទីក្រុងម៉ូស្គូ។

ក្រៅពីការកើនឡើងយ៉ាងគំហុកនៃចំនួនករណីឆ្លង COVID-19 ខាងលើនេះ មជ្ឈមណ្ឌលឆ្លើយតបជំងឺ COVID-19 នៃប្រទេសរុស្សី ក៏បានរាយការណ៍ពីអ្នកស្លាប់ថ្មីៗចំនួន ៥០៨នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប បានកើនឡើងដល់ ៤២,៦៨៤នាក់ ខណៈចំនួនអ្នកជាសះស្បើយសរុប បានកើនឡើងដល់ ១,៩១៦,៣៩៦នាក់៕