(បាងកក)៖ ទឹកជំនន់បានវាយប្រហារភូមិឋានមួយចំនួន នៅក្នុងខេត្តណាខនស៊ីថាំរ៉ាត់ (Nakhon Si Thammarat) ភាគខាងត្បូងប្រទេសថៃយ៉ាងដំណំ និងបានផ្តាច់ជីវិតអ្នកភូមិសរុប ១៣នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។
យោងតាមអាជ្ញាធរសង្គ្រោះរបស់ថៃបានឲ្យដឹងថា ប្រជាជនទាំង ១៣នាក់ខាងលើនេះ បានបាត់បង់ជីវិតដោយសារតែការលង់ទឹក។ បណ្តាខេត្តនៅភាគខាងត្បូងថៃ ដែលបានទទួលរងគ្រោះ ដោយទឹកជំនន់រួមមាន ស៊ូរ៉ាត់ថានី, ត្រាង, ផាថាឡាំង, សុងក្លា និង ណាខនស៊ីថាំរ៉ាត់។
គួរបញ្ជាក់ថា ខ្យល់ព្យុះ និងភ្លៀងធ្លាក់យ៉ាងដំណំ បានជះឥទ្ធិពលយ៉ាងគំហុក ទៅលើបណ្តាខេត្តថៃទាំងអស់នេះ អស់ជាច្រើនថ្ងៃមកហើយ ខណៈតំបន់ភាគខាងត្បូងថៃនេះ បានទទួលរងឥទ្ធិពលពីព្យុះ មកពីតំបន់ភាគខាងកើតមហាសមុទ្រឥណ្ឌា តាំងតែពីចុងខែវិច្ឆិកាមកម្ល៉េះ៕