(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតនៅអាមេរិក លោក ចូ បៃដិន បានប្រកាសថា ពលរដ្ឋអាមេរិកាំងនឹងមិនត្រូវបានបង្ខិតបង្ខំ ឲ្យចាក់វ៉ាក់សាំងការពារជំងឺ COVID-19 នៅពេលដែលវ៉ាក់សាំងនេះ ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នារសៀលថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។
ការលើកឡើងនេះត្រូវបានធ្វើឡើង ក្រោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) ជាលើកទីមួយបានជំរុញឲ្យមាន ការពាក់ម៉ាសជាសាធារណៈ លើកលែងតែពេលនៅក្នុងផ្ទះខ្លួនឯង។ CDC បានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានចូលនៅក្នុងដំណាក់កាល នៃការឆ្លងជំងឺ COVID-19 កម្រិតខ្ពស់បំផុត។
គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer បានបង្ហាញថា វ៉ាក់សាំងរបស់ខ្លួនប្រសិទ្ធភាពដល់ទៅ ៩៥% នៅក្នុងការធ្វើតេស្តសាកល្បងដំណាក់កាលទី ៣។ ចំណែកឯ វ៉ាកសាំងរបស់ក្រុមហ៊ុន Moderna វិញក៏មានប្រសិទ្ធភាពប្រហាក់ប្រហែលគ្នាគឺជាង ៩៤% ហើយក្រុមហ៊ុនទាំងពីរបានដាក់ពាក្យស្នើសុំ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីធ្វើការចែកចាយវ៉ាក់សាំងរៀងៗខ្លួន នៅទូទាំងសហរដ្ឋអាមេរិកផងដែរ។
កំឡុងដំណើរទស្សនកិច្ចទៅកាន់ CDC នៅឯទីក្រុងអាត្លង់តា (Atlanta) រដ្ឋចរជា (Georgia) កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែនស៍ (Mike Pence) បានឲ្យដឹងថា ការអនុម័តវ៉ាក់សាំងរបស់សហព័ន្ធ អាចចំណាយពេលប្រហែលជាមួយសប្តាហ៍កន្លះទៀត៕